ការប្រែប្រួលអាកាសធាតុជាបញ្ហាប្រទាក់ក្រឡាគ្នាដែលតម្រូវឱ្យមានការរួមគ្នាដោះស្រាយ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា រូបថតអ៊ូកាណែល

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រទាក់ក្រឡាគ្នា ដែលត្រូវរួមគ្នា ដោះស្រាយ តាមគោលនយោបាយគ្រប់ជ្រុងជ្រោយនិងមានតុល្យភាព ទាំងទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន ។

ថ្លែងក្នុងកិច្ចប្រជុំវេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ តាមប្រព័ន្ធវីដេអូអនឡាញ កាលពីល្ងាច ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការប្រែប្រួល អាកាសធាតុ ជាបញ្ហាដ៏គួរឱ្យបារម្ភ ដែលនឹងបង្កផលវិបាក និងជះឥទ្ធិពលអវិជ្ជមាន ធ្ងន់ធ្ងរ ពិបាកនឹងប៉ាន់ប្រមាណ ទៅលើសង្គម សេដ្ឋកិច្ច និងសន្តិសុខ ទាំងក្នុងតំបន់ និងពិភពលោក ។ សម្តេចតេជោបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយ ដែលបានកើតឡើងជាបន្តបន្ទាប់ជុំវិញពិភពលោក មានសភាពធ្ងន់ធ្ងរ និង កាន់តែញឹកញាប់ លើសពីអ្វីដែលយើងធ្លាប់បានជួបប្រទះកន្លងមក ។ សម្តេចតេជោ បន្តថា កម្ពុជាក៏បានចូលរួមយ៉ាងសកម្មផងដែរ នៅក្នុងកិច្ចខិតខំប្រឹងប្រែងឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុពិភពលោក តាមរយៈការធ្វើបច្ចុប្បន្នភាពរបាយការណ៍ ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (NDC Update) ដែលនឹងត្រូវដាក់ជូនទៅ លេខាធិការដ្ឋានអនុសញ្ញានៅចុងឆ្នាំនេះ ។ ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់តិចតួចក្តី ប៉ុន្តែកម្ពុជាចង់បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ ដោយផ្អែកលើសមត្ថភាពនិងធនធានដែលមាន ។

សំឡេង«ខ្ញុំសូមលើកទឹកចិត្តឱ្យប្រទេសទាំងអស់រៀបចំបញ្ចប់និងដាក់ជូននូវរបាយការណ៍រួមចំណែករបស់ជាតិខ្លួន ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុប្រកបដោយ មហិច្ឆតា ។ លើសពីនេះ ខ្ញុំយល់ថាយើងត្រូវបង្កើនធនធានហិរញ្ញវត្ថុ ជាពិសេស ហិរញ្ញប្បទានអាកាសធាតុសម្រាប់ការបណ្ដុំជាដុំកំភួន ដែលប្រទេសអភិវឌ្ឍន៍បានសន្យា កន្លងមក,និងផ្ទេរបច្ចេកវិទ្យាជូនដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីឆ្លើយតបទៅនឹង ការផ្លាស់ប្តូរអាកាសធាតុប្រកបដោយប្រសិទ្ធភាព ទាំងសម្រាប់យន្តការគ្រប់គ្រង និងជំរុញការវិនិយោគលើការស្រាវជ្រាវឯកជនក្នុងវិស័យថាមពលកកើតឡើងវិញ និងប្រសិទ្ធពលថាមពល ការការពារព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ការបន្សាំជាដើម »។
សម្តេចតេជោ បញ្ជាក់ថា ក្នុងបរិបទបច្ចុប្បន្ននេះ ការជំរុញទៅមុខ និងការប្រកាន់ខ្ជាប់ ទៅនឹងក្របខ័ណ្ឌតំបន់និយម និងពហុភាគីនិយម គឺជាគោលការណ៍ដ៏សំខាន់ សម្រាប់ដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានឡើងក្នុងគ្រប់វិស័យ ជាពិសេសបញ្ហាដែលកើតចេញពីការប្រែប្រួលអាកាសធាតុនេះ ។ ទោះបីធនធាន និងសមត្ថភាពរបស់កម្ពុជានៅមានកម្រិតក៏ដោយ តែកម្ពុជាមានការតាំងចិត្ត និងឆន្ទៈនយោបាយខ្ពស់ ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុនេះ ដោយផ្អែកតាមគោលការណ៍គន្លឹះ របស់អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ជាពិសេស គោលការណ៍ស្តីពីការទទួលខុសត្រូវរួមគ្នា ប៉ុន្តែមានកាតព្វកិច្ចផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន ៕