ក្រសួងទេសចរណ៍ ពង្រឹងជំនាញបដិសណ្ឋារកិច្ចដល់ខេត្តគោលដៅចំនួន៥

វិទ្យុជាតិកម្ពុជា៖ ស្រីផល

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានពង្រឹងជំនាញបដិសណ្ឋារកិច្ចដល់ខេត្តគោលដៅចំនួន៥ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្តកាន់តែច្រើននិងប្រកបដោយទំនុកចិត្ត ។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន នៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ខេត្តគោលដៅដែលបានពង្រឹងជំនាញបដិសណ្ឋារកិច្ចទាំងនេះ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនៈគិរី និងខេត្តមណ្ឌលគិរី ដោយបានបង្រៀនបន្ថែមអំពីជំនាញសំខាន់ៗជាអាទិភាពដូចជា៖ ជំនាញសេវាកម្មម្ហូបអាហារ-ភេសជ្ជៈ ជំនាញការិយាល័យជួរមុខ ជំនាញរៀបចំបន្ទប់ និងជំនាញចុងភៅជាដើម។
ការពង្រឹងជំនាញបដិសណ្ឋារកិច្ចនេះ ដោយសារតែវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយក្នុងចំណោម វិស័យសំខាន់ៗ ជាច្រើនទៀតដែលជួយក្នុងការបង្កើនចំណូលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
លោកបានបន្តទៀតថា ការជ្រើសរើសខេត្តទាំង៥ខាងលើនេះ ដោយសារតែវាមានសក្តានុពលផ្នែកទេសចរធម្មជាតិ ជាច្រើនកន្លែង ដែលអាចទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តមិនចេះជិនណាយ។
សំឡេង៖ (ដោយសារតែខេត្តទាំង៥នោះ វាជាគោលដៅទេសចរណ៍បែបអេកូទេសចរណ៍ គឺភ្ញៀវទេសចរក្នុងស្រុកក្តី ក្រៅស្រុកក្តីគាត់ចូលចិត្តទៅលេងតំបន់អេកូទេសចរណ៍។ ពីមុនយើងទៅលេងសៀមរាប មានគោលដៅបន្ទាប់បន្សំតំបន់ឆ្នេរ ហើយឥឡូវបងប្អូនយើងទៅលេងតំបន់ឆ្នេរច្រើនហើយ គាត់ចង់ដូរទៅតំបន់ភូមិភាគឦសាន នៅភូមិភាគឦសាន ទី១អាកាសធាតុ ភ្ញៀវត្រូវការបែបធម្មជាតិបន្ថែម ក៏មានការវិនិយោគទៅលើសម្បទានទេសចរណ៍មានរីសត ភោជនីយដ្ឋានទំនើបៗ បងប្អូនយើងគាត់ចេះតែចង់សាកអ្វីដែលថ្មីៗ)។
លោក ក៏បានអំពាវនាវ ដល់គ្រប់អាជ្ញាធរពាក់ព័ន្ធ និងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ឱ្យបានល្អផង៕(ពិនិត្យហើយ ជួយទៀតផង)៕