កម្ពុជាប្ដេជ្ញាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

ភ្នំពេេញ ៖ រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីចេញផុតពីប្រទេស ក្នុងបញ្ជីប្រផេះរបស់អង្គការសហប្រជាជាតិ។
ឯកឧត្ដមទេសរដ្ឋមន្រ្ដី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន កំណត់ ឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវគ្រប់គ្រង ចាត់ចែង និងរឹបអូសផលនៃបទល្មើសឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបតាមសំណើរបស់អង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ និងក្រុមអង្គការអាស៊ី-ប៉ាស៊ីហ្វិក (APG)។
ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្រុមអង្គការអាស៊ី-ប៉ាស៊ីហ្វិក បានតម្រូវឱ្យកម្ពុជាអនុវត្ដន៍នូវ២ចំណុច ដែលទី១ គឺការពង្រឹងសមត្ថភាពមន្រ្ដីនគរបាលយុត្ដិធម៌ ការកំណត់អត្ដសញ្ញាណទ្រព្យពាក់ព័ន្ធបទល្មើស ការគ្រប់គ្រង ចាត់ចែង និងរឹបអូសនៃបទល្មើស និងទី២ បង្ហាញកំណើននៃការឃាត់ទុក ការបង្កក និងរឹបអូសផលនៃបទល្មើស មធ្យោបាយ ប្រព្រឹត្ដបទល្មើស ឬទ្រព្យសម្បត្ដិដែលមានតម្លៃស្មើ ដើម្បីឱ្យកម្ពុជាចេញពីបញ្ជីប្រផេះ។
ឯកឧត្ដមទេសរដ្ឋមន្រ្ដីបន្ដថា ចំណុចទាំង២នេះ កម្ពុជាបានខិតខំអនុវត្ដន៍ តាមរយៈការបង្កើនសមត្ថភាពឃាត់ទុក ការបង្កក និង រឹបអូសទ្រព្យសម្បត្ដិនៃបទល្មើស ជាដើម។
សំឡេង៖ «រាជរដ្ឋាភិបាលបានដាក់ជូនទៅរដ្ឋសភាអនុម័តជាបន្ដបន្ទាប់។ ច្បាប់ខ្លះតម្រូវឱ្យមានអនុក្រឹត្យប៉ុន្មាន។ អ៊ីចឹងគិតមកដល់ថ្ងៃនេះ យើងមានច្បាប់មូលដ្ឋានសឹងតែគ្រប់ហើយ ដែលតម្រូវឱ្យយើងដំណើរការ និងទិដ្ឋភាពកិច្ចការច្បាប់ បានបំពេញអស់ហើយ អត់មាននៅសល់ទេ ប៉ុន្មានចំណុចដែលគេបានតម្រូវ ហើយថ្ងៃនេះយើងបានរៀនសូត្រអំពីយន្ដការ ថ្មីទី២ ការប្រឹងប្រែងរបស់យើងក្នុងការចូលរួមចំណែកជាមួយអន្ដរជាតិនិងសកលលោកទាំងមូល ក្នុងការប្រឆាំងការសម្អាត ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»។

សូមបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២០ កម្ពុជាមានករណីសម្អាតប្រាក់ចំនួន១៤០ករណីដែលបាននិងកំពុងស៊ើបអង្កេត ខណៈសំណុំរឿងចំនួន២២ករណី ត្រូវបានបញ្ជូនទៅតុលា ដោយមានការឃាត់ទុក និងបង្កកទ្រព្យមួយចំនួន ក្នុងនោះមាន សំណុំរឿងចំនួន៥បានជំនុំជម្រះរួចហើយ ៕