រុស្ស៊ីមានកាតព្វកិច្ចសន្តិសុខជាមួយអារមេនី មិនមែនជាមួយតំបន់ណាហ្គោណូ-ការ៉ាបាក់ទេ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០​ — កាលពីថ្ងៃពុធ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសរុស្ស៊ីអាចក្រោកឈរឡើងសម្រាប់ប្រទេសអារមេនី ក្រោមកាតព្វកិច្ចនៃសន្ធិសញ្ញាសន្តិសុខសមូហភាព ប៉ុន្តែកាតព្វកិច្ចទាំងនេះមិនបានគ្របដណ្តប់ទៅលើសាធារណរដ្ឋណាហ្គោណូ-ការ៉ាបាក់ ទេ។

អ្នកនាំពាក្យរូបនេះបាននិយាយថា «កាតព្វកិច្ចចំពោះសន្តិសុខនេះមានជា ប្រសិនបើប្រទេសជាសមាជិក CSTO ត្រូវទទួលរងការឈ្លានពាន ការវាយប្រហារពីខាងក្រៅ បន្ទាប់មកប្រទេសជាហត្ថលេខីនៃសន្ធិសញ្ញាត្រូវតែការពារប្រទេសនោះ»។

នៅពេលត្រូវបានគេសួរថា ក្នុងករណីអ្វីដែលប្រទេសរុស្ស៊ីត្រៀមខ្លួនបញ្ជូនយោធារបស់ខ្លួនទៅកាន់តំបន់ជម្លោះ ណាហ្គោណូ-ការ៉ាបាក់ លោក Peskov បានគូសបញ្ជាក់ថា «នេះជាឫសគល់នៃកាតព្វកិច្ច» ក្រោមសន្ធិសញ្ញា CSTO ។

អ្នកនាំពាក្យរូបនេះបាននិយាយថា «ក្នុងករណីនេះ យើងកំពុងនិយាយអំពីប្រទេសអារមេនី [ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន] បានបញ្ជាក់យ៉ាងច្បាស់ ហើយលោកបានបែងចែករវាងបញ្ហាទាំងពីរនេះ គឺកាតព្វកិច្ចរបស់ CSTO មិនទាក់ទងនឹងតំបន់ការ៉ាបាក់ហ៍ទេ»។

យោងតាមលោក Peskov បានឱ្យដឹងថា របាយការណ៍នៃអរិភាពនៅលើទឹកដីអារមេនីមិនត្រូវបានបញ្ជាក់នៅឡើយទេ។

នៅពេលមុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានកត់សម្គាល់ថា អាជ្ញាធរអារមេនីមិនបានចោទជាបញ្ហាទាក់ទងនឹងការគោរពរបស់រុស្ស៊ីជាមួយនឹងកាតព្វកិច្ច CSTO ឡើយ។ ប្រមុខរដ្ឋរូបនេះបានរំលឹកថា ប្រទេសរុស្ស៊ីមានកាតព្វកិច្ចនៅចំពោះមុខអារមេនីដែលជារដ្ឋសមាជិក CSTO ហើយបានកត់សម្គាល់ថា អរិភាពមិនកើតឡើងនៅលើទឹកដីអារមេនីទេ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)