គ្មានហេតុផលណាដែលមិនគួរឱ្យជឿទុកចិត្តទៅលើស្ថិតិនៃជំងឺកូវីដ-១៩ ទេ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០​ — កាលពីថ្ងៃពុធ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា វិមានក្រឹមឡាំងមើលឃើញថា មិនមានហេតុផលណាមួយដែលមិនគួរឱ្យជឿទុកចិត្តទៅលើទិន្នន័យអំពីចំនួនករណីឆ្លងមេរោគកូរ៉ូណាវីរុសនៅទូទាំងប្រទេសរុស្ស៊ីនោះទេ។

លោក Peskov បាននិយាយថា «យើងមិនឃើញមានហេតុផលណាមួយដែលមិនគួរឱ្យទុកចិត្តទៅលើទិន្នន័យនេះទេ។ ការប្រមូលទិន្នន័យទាំងអស់ត្រូវបានគ្រប់គ្រងយ៉ាងល្អដោយមជ្ឈមណ្ឌលវិបត្តិរបស់រដ្ឋាភិបាល ហើយត្រូវបានធ្វើឱ្យប្រសើរឡើងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ»។

នៅពេលត្រូវបានគេស្នើសុំឱ្យធ្វើអត្ថាធិប្បាយទៅលើការបដិសេធដែលត្រូវបានចោទប្រកាន់ដើម្បីធ្វើតេស្តប្រជាពលរដ្ឋរកមេរោគកូរ៉ូណាវីរុសដើម្បីកុំធ្វើឱ្យប៉ះពាល់ដល់ស្ថិតិនៃវីរុសនេះ លោក Peskov បាននិយាយថា រឿងពិតប្រាកដត្រូវតែធ្វើឡើងជាសាធារណៈ។

លោកបានសន្យាថា «រឿងនេះនឹងក្លាយជាហេតុផលសម្រាប់ការស៊ើបអង្កេតយ៉ាងហ្មត់ចត់»។

រហូតមកដល់បច្ចុប្បន្ននេះ ករណីឆ្លងមេរោគកូរ៉ូណាវីរុសមានចំនួន ១.២៤៨.៦១៩ករណីត្រូវបានបញ្ជាក់នៅក្នុងប្រទេសរុស្ស៊ី ដោយក្នុងនោះមានអ្នកជំងឺចំនួន ៩៩៥.២៧៥នាក់បានជាសះស្បើយពីជំងឺនេះ។ ទិន្នន័យចុងក្រោយរបស់រុស្ស៊ីបង្ហាញថា មានអ្នកស្លាប់ចំនួន ២១.៨៦៥ នាក់នៅទូទាំងប្រទេស។ មុននេះ រដ្ឋាភិបាលរុស្ស៊ីបានបង្កើតបណ្តាញទូរសព្ទ័តាមប្រព័ន្ធអ៊ីនធើណេតដើម្បីធ្វើឱ្យសាធារណៈជនដឹងអំពីបច្ចុប្បន្នភាពនៃស្ថានភាពជំងឺឆ្លងនេះ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)