ប្រទេសថៃអនុញ្ញាតរយៈពេលអនុគ្រោះសម្រាប់ពលករទេសន្តរប្រវេសន៍

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០​ — ប្រទេសថៃកំពុងពិចារណាអនុញ្ញាតសម្រាប់ពលករទេសន្តរប្រវេសន៍ ដែលការងាររបស់ពួកគេបានផុតកំណត់ ឱ្យចាប់ផ្តើមនៅខែក្រោយ ដើម្បីបន្តស្ថិតនៅក្នុងប្រទេសនេះជំនួសឱ្យការវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញដើម្បីដាក់ពាក្យសុំធ្វើការងារឡើងវិញពីទីនោះ។

សេចក្តីសម្រេចអនុញ្ញាតឱ្យមានរយៈពេលអនុគ្រោះ ដោយគណៈកម្មាធិការគ្រប់គ្រងគោលនយោ បាយរបស់ពលករទេសន្តរប្រវេសន៍ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការងារថៃ លោក Suchart Chomlkin ដែលធ្វើឡើងកាលពីថ្ងៃទី ៦ ខែតុលានេះ មានគោលបំណងរារាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ។

រដ្ឋមន្ត្រីរូបនេះត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សម្តីដែលបាននិយាយថា ប្រសិនបើពលករទេសន្តរប្រវេសន៍វិលត្រឡប់ទៅប្រទេសកំណើតខ្លួនវិញ បន្ទាប់ពីបានធ្វើការងារនៅក្នុងប្រទេសថៃអស់រយៈពេល៤ឆ្នាំ តាមតម្រូវការនៃអនុស្សរណៈនៃការយោគយល់រវាងរដ្ឋាភិបាលថៃ និងប្រទេសរបស់ពួកគេនីមួយៗ ពួកគេអាចនឹងស្វែងរកការវិលត្រឡប់ទៅធ្វើការងាររបស់ពួកគេឡើងវិញ ដែលនេះនឹងធ្វើឱ្យមានការព្រួយបារម្ភអំពីការឆ្លងជំងឺកូវីដ-១៩ របស់ពួកគេ ខណៈដែលពួកគេរង់ចាំត្រឡប់មកវិញ ហើយនាំយក         វីរុសនោះមកជាមួយនៅពេលដែលពួកគេត្រឡប់មកប្រទសថៃវិញ។

លោកបាននិយាយបន្ថែមថា វាមានហានិភ័យពិតប្រាកដនៃការចម្លងមេរោគពីប្រភពនាំចូល ដែលនឹងបង្កជារលកទី ២ នៃការផ្ទុះការរីករាលដាល។

ទោះបីជាលោក Suchart មិនបានបញ្ជាក់ថា តើរយៈពេលអនុគ្រោះនឹងមានរយៈពេលប៉ុណ្ណាក៏ដោយ ក៏លោកបានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហានេះនឹងត្រូវបានស្នើឱ្យគណៈរដ្ឋមន្រ្តីពិចារណាក្នុងពេលវេលាជាក់លាក់មួយ។

សិទ្ធិទទួលបានរយៈពេលអនុគ្រោះនេះ គឺសម្រាប់ពលករទេសន្តរប្រវេសន៍ដែលមានកិច្ចសន្យាការងាររយៈពេលបួនឆ្នាំ ហើយដែលនឹងចាប់ផ្តើមផុតកំណត់ពីខែក្រោយនេះរហូតដល់ចុងខែធ្នូឆ្នាំក្រោយ។

យោងតាមក្រសួងការងារថៃបានឱ្យដឹងថា ពលករទេសន្តរប្រវេសន៍ចំនួន ១៣១.៥៨៧នាក់មកពីប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា នឹងបានឃើញប័ណ្ណការងាររបស់ពួកគេផុតកំណត់នៅចន្លោះខែក្រោយ និងខែធ្នូឆ្នាំក្រោយ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)