កម្ពុជាបង្កើនសកម្មភាពរក្សាព្រៃឈើដើម្បីបន្តលក់ឥណទានកាបូន បន្ថែមទៀត

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៨-១០-២០២០


MC: រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសហការជាមួយអង្គការដែលជាដៃគូ និង សហគមន៍នៅតំបន់ការពារធម្មជាតិក្នុងការរកទីផ្សារលក់ឥណទានកាបូន បន្ថែមទៀតបន្ទាប់ពីបានទទួលជោគជ័យក្នុងរក្សាព្រៃឈើឈរ ដើម្បីលក់ឥណទាន កាបូនស្ម័គ្រចិត្ត បានទឹកប្រាក់១១,៦លានដុល្លារអាមេរិក ក្នុងរយៈពេល១០ឆ្នាំ កន្លងមកនេះ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់ខ្ពស់លើការការពារ និងអភិរក្សធនធាន ធម្មជាតិ ដោយថែរក្សាឈើឈរ ដើម្បីលក់ឥណទានកាបូនទៅឱ្យក្រុមហ៊ុនដែលមាន ឧស្សាហកម្មខ្លាំងក្លា។
ថ្លែងក្នុងអំឡុងពេលជួបសំណេះសំណាលជាមួយប្រជាសហគមន៍តំបន់ការពារធម្មជាតិ ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី នៅដើមសប្តាហ៍នេះ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាកំពុងតែធ្វើការសិក្សានិងអនុវត្តគម្រោងឥណទានកាបូនសាកល្បង នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងបន្ថែមទៀត ជាមួយ ក្រុមហ៊ុនជប៉ុន Mitsui បន្ទាប់ពីចាប់តាំងពីឆ្នាំ២០១៦មកដល់បច្ចុប្បន្ន កម្ពុជាបាន ទទួលបានថវិកាចំនួន១១,៦លានដុល្លារអាមេរិក ពីការលក់ឥណទានកាបូនក្នុងដែន ជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា «ការថែរក្សាបាននូវឈើឈរ យើងអាចលក់តួនាទីរបស់ឈើ ហើយថវិកាដែលបានមកពីការលក់ឥណទានកាបូននេះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់ការពារនិងអភិរក្សព្រៃឈើនិងអភិវឌ្ឍន៍ជីវភាព សហគមន៍ក្នុងតំបន់ការពារធម្មជាតិ ដើម្បីធ្វើជាគំរូសម្រាប់ឈានទៅទទួលបានថវិកា ស្តីពីការទូទាត់ ផ្អែកតាមលទ្ធផលពីមូលនិធិអាកាសធាតុបៃតង នៃអនុសញ្ញាក្របខណ្ឌ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុដែលអនុវត្តចាប់ពីឆ្នាំ២០២០ ហើយដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព។»
បើតាមការឱ្យដឹងពីលោកស្រី ឆាយ គីមហៀក ទីប្រឹក្សាគម្រោងរ៉េដបូក(REDD+)នៃ អង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS បានឱ្យដឹងថា មកទល់ពេលនេះ គម្រោងរ៉េដបូកនៅដែនជម្រកសត្វព្រៃកែវសីមា បានលក់ឥណទានកាបូនឱ្យទៅ ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកចំនួន៣ គឺក្រុមហ៊ុន Disney ក្រុមហ៊ុន Kering និងក្រុមហ៊ុន Intuit ដោយទទួលបានថវិកាចំនួន៣,៥លានដុល្លារអាមេរិក។ លោកស្រី មានប្រសាសន៍ថា អត្ថប្រយោជន៍នៃគម្រោងរ៉េដបូកនៅដែនជម្រកសត្វព្រៃកែវសីមា បានផ្តល់ផលប្រយោជន៍ទៅដល់ភូមិចំនួន២០ ដែលក្នុងមួយភូមិៗបានទទួលថវិកា ជាង១ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ សម្រាប់អភិវឌ្ឍសហគមន៍មូលដ្ឋានដូចជា ផ្លូវក្នុងសហគមន៍ ប្រព័ន្ធទឹកស្អាត និងលើកស្ទួយជីវភាពសហគមន៍ ជាដើម។
លោក ប៊ីល វ៉ាន់ធី តំណាងឱ្យសហគមន៍ជនជាតិព្នងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឱ្យដឹងថា សហគមន៍របស់ខ្លួនបានទទួលថវិកាពី គម្រោងរ៉េដបូកចំនួន១៥.០០០ដុល្លារ សម្រាប់អភិវឌ្ឍន៍ទៅលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត សាងសង់ស្នាក់ការប្រជុំក្នុងសហគមន៍ សាងសង់ជំរំស្នាក់នៅសម្រាប់ភ្ញៀវទេសចរ និងកសាងសមត្ថភាពសមាជិកសហគមន៍ពីជំនាញបន្ស៊ាំសត្វទោចសម្រាប់ភ្ញៀវទេសចរចូលទស្សនា ជាដើម។
មកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាល បានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិដែលស្ថិត នៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ៤១ភាគរយនៃផ្ទៃដី ប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ៧,៣លានហិកតា ក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន៦៩កន្លែង។
ផ្អែកតាមកម្រិតយោងព្រៃឈើ (Forest Referral Level) កម្ពុជាអាចផលិត ឥណទានកាបូនលើសពី១០លានតោនក្នុងមួយ១ឆ្នាំ សម្រាប់ការទទួលបានថវិកា ក្នុងក្របខណ្ឌការទូទាត់ផ្អែកតាមលទ្ធផលពីមូលនិធិអាកាសធាតុបៃតង៕