មនុស្ស៣នាក់បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៨ តុលា ២០២០


MC៖ មនុស្ស៣នាក់បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ដែលភាគច្រើនគ្រោះថ្នាក់ទាំងនេះ កើតឡើងដោយសារបើកបរ លើសល្បឿនកំណត់ និងមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែតុលា នៅកម្ពុជាមាន គ្រោះថ្នាក់ចរាចរណ៍ចំនួន៣លើក បណ្ដាលឱ្យមានមនុស្សរងរបួសធ្ងន់ចំនួន៣នាក់ ។
តាមរបាយការណ៍បានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ ទាំងនេះ គឺបណ្ដាលមកពីបើកបរមិនគោរពសិទ្ធិអាទិភាព និងមិនប្រកាន់ស្តាំ ជាដើម ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ទាំង៣លើកនេះ បានបណ្ដាលឱ្យខូចខាតម៉ូតូចំនួន ៣គ្រឿង រថយន្តធុនតូច ១គ្រឿង និងរថយន្តធុនធំចំនួន ២គ្រឿង។
ជុំវិញបញ្ហានេះ សមត្ថកិច្ចនគរបាលបានបន្តក្រើនរំលឹកប្រជាពលរដ្ឋឱ្យចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយត្រូវបើកបរប្រកាន់ស្តាំ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ កុំបើកបរបញ្ច្រាស់ទិស កុំបើកបរក្នុងស្ថានភាពស្រវឹង ហើយត្រូវពាក់ខ្សែក្រវាត់ សុវត្ថិភាពពេលបើកបររថយន្ត និងពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕