រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០–

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យ​ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួប​ពិភាក្សា​​ការងារ នៅទីស្ដីការ​ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

សម្ដេចក្រឡាហោម ស ខេង បានអរគុណឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងតួនាទីជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់​សហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងការចូលរួមពូនជ្រុំធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែ​មានភាព​ប្រសើរឡើង។ សម្ដេចក្រឡាហោមក៏បានអរគុណផងដែរចំពោះរដ្ឋាភិបាលសហ​រដ្ឋ​អាមេរិក ដែលបានផ្ដល់ជំនួយផ្សេងៗមកកាន់ព្រះរាជាណាចក្រកម្ពុជានៅក្នុងការ​ទប់​ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បើទោះបីជាសហរដ្ឋអាមេរិកកំពុងតែ ជួបនូវបញ្ហា​នេះដែរ។

ជាការឆ្លើយតប ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បាន​លើកឡើងថា  នៅក្នុងឆ្នាំនេះ គឺជាខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និង​អាម៉េរិក ហើយការងារកិច្ចសហប្រតិបត្តិការអនុវត្តន៍ច្បាប់នេះក៏ជាប្រធានបទមួយ​ដែលត្រូវបាន​ដាក់ ​បញ្ចូល​សម្រាប់អបអរសាទរខួបនៃចំណងការទូតនេះដែរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បាន​លើកឡើងនូវការងារធំៗមួយចំនួនដើម្បីជជែកពិភាក្សាផ្លាស់ប្ដូរយោបល់ជាមួយសម្ដេច​ក្រឡាហោមគឺពាក់ព័ន្ធនឹងការងារមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរនៅសហ​រដ្ឋ​អាមេរិក​មក​កាន់ព្រះរាជាណាចក្រកម្ពុជា។ ដោយចំណុចនេះឯកឧត្តមបានជម្រាបជូនសម្ដេច​ក្រឡា​ហោមថា ឯកឧត្តមបានយល់ពីស្ថានភាពនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យការអនុវត្តការងារ​មាតុ​ភូមិ​និវត្តន៍ត្រូវបានផ្អាកមួយរយៈ ហើយឯកឧត្តមក៏បានស្នើភាគីព្រះរាជាណាចក្រ​កម្ពុជា ពិនិត្យលទ្ធភាពរិះរកវិធីសាស្រ្តក្នុងការបន្តជំរុញអនុវត្តន៍​ការងារនេះ ឱ្យមាន​វឌ្ឍនភាពបន្ត ទៅមុខទៀតដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនឯកឧត្តម​ឯកអគ្គរដ្ឋទូតអាម៉េរិក​វិញថា ជាគោលការណ៍ និងជាឆន្ទៈនយោបាយ គឺព្រះរាជាណាចក្រ​កម្ពុជាមិនមានអ្វីប្រែប្រួលនោះទេ គឺនៅតែបន្តអនុវត្តន៍នូវអ្វីដែលរដ្ឋាភិបាលប្រទេសទាំងពីរ​បានឯកភាពព្រមព្រៀងគ្នានារយៈពេលកន្លងមក។ សម្ដេចក្រឡាហោមបានអះអាង​ថា ទោះបី​ជាមានការខកខានដោយសារកូវីដ-១៩ ប៉ុន្តែគោលការណ៍ និងឆន្ទៈនយោបាយមិន​មាន​អ្វីប្រែ​ប្រួលនោះទេ។ សម្ដេចក្រឡាហោមក៏បានឯកភាពជាគោលការណ៍ផ្ដល់​លទ្ធភាព​ដល់​មន្រ្តីជំនាញនៃប្រទេសទាំងពីរក្នុងការជជែកដើម្បីពិនិត្យលទ្ធភាព​រិះរកនូវវិធីសាស្រ្ត សមស្រប និងមានប្រសិទ្ធភាពក្នុងការបន្តជំរុញការងារនេះជាបន្តទៀតដែរ៕ដោយ ចាន់ សុធីវង្ស(ផ្សាយដោយ៖ កន ចំណាន)