រាជរដ្ឋាភិបាលសម្រេចឯកភាពបើកការដ្ឋានសាងសង់ផ្លូវទាំង៣៨ខ្សែនៅក្នុងក្រុងសៀមរាប

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស

ភ្នំពេញ៖  រាជរដ្ឋាភិបាលសម្រេចបើកការដ្ឋានសាងសង់ផ្លូវទាំង៣៨ខ្សែនៅក្នុងក្រុងសៀមរាប ដើម្បីធ្វើឱ្យក្រុងនេះ ក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក។ 

   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ បានប្រកាសថា នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប នាខែវិច្ឆិកា  ឆ្នាំ២០២០ខាងមុខនេះ ។ 

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញទៅសម្ពោធមជ្ឈមណ្ឌលកម្សាន្ត«ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សម្តេចបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែដែលគ្រោងនឹងបើការដ្ឋានសាងសង់នេះ គឺជាការស្ថាបនាក្នុងទ្រង់ទ្រាយធំមួយ ដែលនឹងកែប្រែមុខមាត់ថ្មីនៃក្រុងសៀមរាប ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មជ្ឈមណ្ឌលពាណិជ្ជកម្ម  និងទាក់ទាញភ្ញៀវទេសចរ ។

សម្តេចតេជោបញ្ជាក់ថា ៖ «រាជរដ្ឋាភិបាលនឹងទម្លាក់លុយ ១៥០លានដុល្លារចុះទៅខេត្តសៀមរាប ដើម្បីធ្វើផ្លូវ ៣៨ខ្សែ ទី១ បានហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងទេសចរណ៍ស្អាត ដែលខែវិច្ឆិកាសម្តេនឹងទៅបើកការដ្ឋានសាងសង់ ហើយទឹកប្រាក់១៥០លាន ដុល្លារនេះ មានមួយភាគធំបានទៅលើកម្លាំងពលកម្មនៃកម្មករកម្មការិនីនិងប្រជាពលរដ្ឋដែលចូលរួមធ្វើផ្លូវ»។

សូមបញ្ជាក់ថា ផ្លូវក្នុងក្រុងសៀមរាបទាំង៣៨ខ្សែដែលគ្រោងសាងសង់នេះ មានប្រវែងសរុបប្រមាណជាង ៩៨គ.ម និងត្រូវចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ដែលសម្ដេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទើបតែអនុម័តកញ្ចប់ថវិកាកាលពីថ្ងៃទី ៤ កញ្ញាកន្លងទៅ ៕