កម្ពុជាបន្ដការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងដំណាក់កាលទី២

វិទ្យុជាតិកម្ពុជា៖លោកជួប បូណា


ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បន្ដការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងដំណាក់កាលទី២ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កម្មវិធីជាតិស្ដីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ត្រូវបាន តាក់តែងឡើង ដើម្បីបន្តអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជ រដ្ឋាភិបាល ខណៈកម្មវិធីជាតិដំណាក់កាលទី១ ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន គ្រោងនឹង បញ្ចប់ នៅចុងឆ្នាំ២០២០នេះ។
ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ស្ដីពីការពិនិត្យលើឯកសារទស្សនទានសម្រាប់ រៀបចំ កម្មវិធីជាតិ ដំណាក់កាលទី២ នាព្រឹកថ្ងៃទី៧ ខែតុលា នៅទីស្ដីការក្រសួងសម្ដេចក្រឡាហោមបានបញ្ជាក់ថា ថ្វីបើកម្មវិធីជាតិដំណាក់កាលទី១ នឹងត្រូវបញ្ចប់នាពេលខាងមុខ ប៉ុន្តែកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅមិនទាន់ចប់នៅឡើយទេ ដោយនៅមានកិច្ចការសំខាន់មួយចំនួនទៀតដែល ត្រូវបន្តដោះស្រាយឱ្យមានភាពប្រាកដប្រជាថាកំណែទម្រង់នេះពិតជាកំណែទម្រង់មួយដែលមានភាព ជាក់លាក់ ពិសេសប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
សម្តេចបញ្ជាក់ថា៖ «ព្រោះតែហេតុយ៉ាងដូច្នេះហើយបានជាទាមទារឱ្យមានការរៀបចំតាក់តែងកម្មវិធីជាតិដំណាក់កាលទី២ សម្រាប់បន្តអនុវត្តនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងរយៈពេលវែង ពីព្រោះឆ្លងកាត់ការសិក្សាដកស្រង់ពិសោធន៍ពីបណ្ដាប្រទេសនានា ការងារកំណែទម្រង់នេះ ត្រូវការ ពេលវេលាយូររហូតដល់៧០ទៅ១០០ឆ្នាំ ខណៈកម្ពុជាទើបតែចេញដំណើរបានជាង១០ឆ្នាំ»។
សូមបញ្ជាក់ថាក្រសួងមហាផ្ទៃកំពុងពិនិត្យពិភាក្សាទៅលើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំតាក់តែងកម្មវិធីជាតិស្ដីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិដំណាក់កាលទី២(គ.ជ.អ.ប)ឱ្យបានកាន់តែលម្អិត មុននឹងត្រូវដាក់ឆ្លងកិច្ចប្រជុំ គ.ជ.អ.បបន្តទៀត៕