ផ្សារទំនើបអ៊ីអនទី៣នៅជាប់ផ្លូវ៦០ម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា

 
ភ្នំពេញ ៖ ផ្សារទំនើបអ៊ីអនម៉លទី៣នៅជាប់ផ្លូវ៦០ម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងសោភ័ណភាពទីក្រុង។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការសាងសង់ផ្សារទំនើប របស់ក្រុមហ៊ុន អ៊ីអនម៉ល ខេមបូឌា ខូអិលធីឌី គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ ព្រោះផ្អែកតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញនេះ ត្រូវបានកំណត់ថា ជាតំបន់អភិវឌ្ឍន៍ថ្មី ។
ឯកឧត្តមបន្តថា នៅតំបន់នោះមានគម្រោងសំណង់អគារខ្ពស់ៗ ស្ថាបត្យកម្មប្រណិតៗ និងការអភិវឌ្ឍទីក្រុងរណប ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លី និងសក្ដានុពល ដែលមានស្រាប់ ក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបន្តថា ផ្សារទំនើបអ៊ីអនម៉លទី៣នេះ ត្រូវបានសាងសង់ឡើង ដោយក្រុមហ៊ុន Hyundai Engineering នៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណប ING City ដោយចំណាយថវិកាប្រមាណ២៩០លានដុល្លារ អាមេរិក លើផ្ទៃដី១៧ម៉ឺនម៉ែត្រការ៉េ ។
សូមជម្រាបថា ផ្សារទំនើបអ៊ីអនម៉លទី៣នេះ សាងសង់នៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយបានបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ៕