រដ្ឋបាលខេត្ដកំពង់ស្ពឺត្រៀមសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែទឹកជំនន់

វិទ្យុជាតិកម្ពុជា ៖​ ដោយ​ ជួន បូណា


កំពង់ស្ពឺ៖ រដ្ឋបាលខេត្ដកំពង់ស្ពឺបានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលអាចកើតឡើងជាយថាហេតុនៅរដូវទឹកឡើងនេះ។
ឯកឧត្ដម វី សំណាង អភិបាលខេត្ដកំពង់ស្ពឺបានណែនាំឱ្យមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ដើម្បីត្រៀមបង្ការឆ្លើយតបបន្ទាន់ជាមួយគ្រោះទឹកជំនន់ បើទោះបីជាមិនទាន់មានទឹកជំនន់កើតឡើងក៏ដោយ ។
តាមគណនីហ្វេសបុកផ្លូវការរបស់ខ្លួន ឯកឧត្ដម វី សំណាងបានណែនាំឱ្យមន្ទីរធនធានទឹក ត្រូវតាមដានត្រួតពិនិត្យ អំពីការប្រែប្រួលនៃស្ថានភាពទឹក ដើម្បីផ្ដល់ព័ត៌មានដល់អាជ្ញាធរនិងមន្ទីរអង្គភាពពាក់ព័ន្ធ ងាយស្រួលក្នុងការត្រៀមបង្ការ និង សង្គ្រោះបន្ទាន់។ មន្ទីរកសិកម្មត្រូវត្រៀមថ្នាំពេទ្យសម្រាប់ជួយព្យាបាលសត្វដែលកើតជំងឺផ្សេង។
ជាមួយគ្នានោះមន្ទីរសុខាភិបាលត្រូវត្រៀមសម្ភារឧបករណ៍ថ្នាំពេទ្យដើម្បីទុកជួយព្យាបាលដល់ប្រជាពលរដ្ឋដែលមានជំងឺក្នុងពេលមានទឹកជំនន់ និងមន្ទីរសាធារណការ និង មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវត្រៀមគ្រឿងចក្រ រួមមានអេស្កាវ៉ាទ័រ អាប៊ុល ឡានដឹកដី សម្រាប់បង្ការករណីសង្គ្រោះបន្ទាន់ដែលមានទឹកជំនន់ជន់លិចផ្លូវ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានត្រូវតាមដានព័ត៌មានពីមន្ទីរធនធានទឹក ក៏ដូចជាព័ត៌មានដែលផ្ដល់ ដោយប្រជាពលរដ្ឋ និងត្រូវដោះស្រាយបន្ទាន់ក្នុងករណីជួបប្រទះគ្រោះធម្មជាតិ ដោយត្រូវរាយការណ៍សុំយោបល់ពី ថ្នាក់លើរបស់ខ្លួនឱ្យបានទាន់ពេលវេលា និងត្រូវពន្យល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ទៅលើចាស់ជរា កុមារតូចៗមុនគេ៕