ក្រសួងសុខាភិបាលនឹងលុបបំបាត់ជំងឺគ្រុនសន្ធំឱ្យបាននាចុងឆ្នាំនេះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

ភ្នំពេញ៖   ក្រសួងសុខាភិបាលបានពង្រឹងយុទ្ធនាការលុបបំបាត់ជំងឺគ្រុនសន្ធំនាចុងឆ្នាំ២០២០នេះ ដើម្បីធានាបានសុខមាលភាពរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា សម្រាប់ជំហានចុងក្រោយ នៃការសម្រេច គោលដៅឆ្នាំ២០២០នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ទោះបីជំងឺគ្រុនចាញ់ថយចុះយ៉ាងគំហុកក៏ដោយ ក៏យើងមិនត្រូវស្កប់ស្កល់នឹងជោគជ័យនេះទេ យើងត្រូវតែធ្វើការងារឱ្យបានខ្លាំងក្លាថែមទៀត នៅក្នុងជំហានចុងក្រោយនៃឆ្នាំ២០២០នេះ  តាមគោលដៅ ដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១៦-២០២៥ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ផែនការ យុទ្ធសាស្ត្រនេះ ជូនឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល យកមកអនុវត្ត។

 លោកជំទាវ បានសង្កត់ធ្ងន់ថា យើងត្រូវពិនិត្យ ពិភាក្សា និងកំណត់នូវយុទ្ធសាស្ត្រថ្មីដែលមានប្រសិទ្ធភាពបន្ថែមទៀត ដោយត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទាំងបច្ចេកទេស និងការងារអនុវត្តន៍ជាក់ស្តែង ដើម្បីចៀសវាងមានបញ្ហា និង ការយល់ច្រឡំដែលអាចកើតមានឡើងក្នុងចំណោមមតិសាធារណៈ។

លោកជំទាវ ក៏បានជំរុញឱ្យមានការពិចារណាដោយលក្ខណៈបច្ចេកទេសត្រឹមត្រូវ ក្នុងការប្រើវិធីសាស្ដ្រលេបថ្នាំការពារ និងព្យាបាលប៉ារ៉ាស៊ីតគ្រុនចាញ់ជាមុន បន្ថែមលើការប្រើប្រាស់មុង និងថ្នាំលាបការពារមូស មុននឹងបុគ្គលធ្វើដំណើរចូល ទៅកាន់កន្លែងដែលមានហានិភ័យឆ្លងជំងឺគ្រុនចាញ់ខ្ពស់ ដូចជាតំបន់ភ្នំ ឬកន្លែងដែលមានព្រៃច្រើនជាដើម។

លោកជំទាវវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានជំរុញនិងលើកទឹកចិត្ត ដល់កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេសត្រូវអនុវត្តន៍ផែនការយុទ្ធសាស្ត្រ លុបបំបាត់ជំងឺគ្រុនចាញ់នៅតាមបណ្តាខេត្តដែលនៅមានករណីគ្រុនចាញ់នៅឡើយ។ ជាជំហានចុងក្រោយនេះ ត្រូវមានភាពច្បាស់លាស់ទាំងបច្ចេកទេស កម្រិតហានិភ័យ បញ្ហាដែលនឹងអាចជួបប្រទះនាពេលខាងមុខ និងធនធានថវិកា។ លោកជំទាវ អាចនឹងបន្តកៀរគរជំនួយថវិកាបន្ថែមទៀត ប្រសិនបើអាច សូមកំណត់ឱ្យបានច្បាស់នូវសកម្មភាពចាំបាច់ៗនានា ដែលត្រូវធ្វើក្នុងរយៈពេលត្រីមាសទី៤នៃឆ្នាំ២០២០ ដើម្បីសម្រេចបាននូវគោលដៅលុបបំបាត់ជំងឺគ្រុនសន្ធំ នៅដំណាច់ឆ្នាំ ២០២០នេះ៕