កសិករភូមិរកាឃុំល្វាស្រុកពួកខេត្តសៀមរាបបន្តប្រពៃណីដូនតាលក់អំបុកជាង៤០ឆ្នាំមកហើយ

វិទ្យុជាតិកម្ពុជា លោកអេង យូ

សៀមរាប ៖ កសិករនៅភូមិរកាឃុំល្វាស្រុកពួកខេត្តសៀមរាបថែរក្សាប្រពៃណីដូនតាដាល់ អំបុកលក់ជាង៤០ឆ្នាំមកហើយ ដើម្បីបានចំណូលបន្ថែមផ្គត់ផ្គង់ជីវភាពគ្រួសារ ។

អ្នកស្រី រ៉ែម សាយ វ័យ៦២ឆ្នាំរស់នៅភូមិខាងលើបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា អ្នកស្រីបានចាប់យកមុខរបរនេះតាំងពីឆ្នាំ១៩៨០មក ដោយក្នុង១ថ្ងៃគ្រួសារលោកយាយអាចដាល់អំបុក ប្រមាណពី៤០០ទៅ៥០០កំប៉ុង ដើម្បីលក់ឱ្យម៉ូយដែលមកយកដល់ផ្ទះ។

អ្នកស្រីបន្តថា ប្រជាពលរដ្ឋចាប់ផ្តើមដាល់អំបុកលក់ចាប់ពីខែកក្កដារហូតដល់ខែវិច្ឆិកាជារៀងរាល់ឆ្នាំ ដោយជាមធ្យមក្នុង១ថ្ងៃ គ្រួសារលោកយាយអាចរកចំណូលបានប្រមាណ៦០ទៅ៧០ម៉ឺនរៀលពីមុខរបរនេះ។

លោកស្រីបន្តថា បើសិនជាមានម៉ូយដំណើរការដូចមុន ចាប់ពីម៉ោង២ ម៉ោង៣ជាងរហូតដល់ម៉ោង៥ល្ងាច ដំណើរការបានពី៤០០ទៅ៥០០កំប៉ុង ម៉ូយមកលើកយកនៅផ្ទះក្នុង១កំប៉ុង១០០០រៀល។ និយាយទៅក្នុង១ឆ្នាំ ដល់រដូវស្រូវលើ ចាប់ពីខែ៧ដល់ខែ១០ឬខែ១១ គ្មានការងារអ្វីទាំងអស់ដូចជាសំណង់ជាដើម មិនស្មើនឹងការងារអំបុកទេ ការងារអំបុកក្នុង១ថ្ងៃ បើសិនស្រូវខ្លួនឯង អាចរកបាន៦០ទៅ៧០ម៉ឺនក៏មាន យ៉ាងទាបក្នុង១ថ្ងៃក៏បាន៤០ម៉ឺនរៀលដែរ។

លោកស្រី ស្រី ហេង ជំទប់ទី២ឃុំល្វា ស្រុកពួកបានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងភូមិរកាប្រមាណ៤០គ្រួសារ កំពុងប្រកបមុខរបរដាល់អំបុកលក់ ដើម្បីចូលរួមចំណែកក្នុងការថែរក្សាប្រពៃណីវប្បធម៌ខ្មែរកុំឱ្យបាត់បង់ ហើយអាជ្ញាធរឃុំបានជំរុញដល់ប្រជាពលឱ្យបន្តមុខរបរនេះទៀត និងគ្រោងបង្កើតជាសហគមន៍ដាល់អំបុកលក់ ក្នុងគោលបំណងជួយរកទីផ្សារឱ្យប្រជាពលរដ្ឋដែលកំពុងប្រកបការងារនេះ។
សូមបញ្ជាក់ថា អំបុកជាចំណីអាហារប្រពៃណីមួយរបស់ខ្មែរ ផលិតពីស្រូវដំណើប ឬស្រូវខ្សាយថ្មីៗ ។ អំបុកបានបង្កប់នូវអត្ថន័យសាមគ្គីគ្នា ជំនឿ សាសនា ប្រពៃណីវប្បធម៌ដូនតាខ្មែរតាំងអតីតកាលមក៕