មនុស្ស ១៧នាក់ស្លាប់ និង ៥៣នាក់រងរបួសនៅក្នុងការ បំផ្ទុះគ្រាប់បែករថយន្តនៅទីក្រុងអាឡិបប៉ូ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០​ — កាលពីខែមុន ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋស៊ីរីបានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់ អ៊ីស្រាអែលដែលត្រូវបានចោទប្រកាន់នៅក្បែរទីក្រុងអាឡិបប៉ូ បានផ្តោតគោលដៅទៅលើរោងចក្រផលិតគ្រាប់មីស៊ីល Al-Safirah របស់ប្រទេសស៊ីរី។

ប្រភពក្នុងស្រុកមួយបានប្រាប់ភ្នាក់ងារសារព័ត៌មាន Sputnik ថា យ៉ាងហោចណាស់មានមនុស្សចំនួន ១៧នាក់បានស្លាប់ និង ៥៣នាក់ផ្សេងទៀតបានរងរបួស ដោយសារការបំផ្ទុះគ្រាប់បែកក្នុងខេត្តអាឡិបប៉ូភាគពាយ័ព្យប្រទេសស៊ីរី។

ប្រភពនេះបាននិយាយថា «ការបំផ្ទុះគ្រាប់បែករថយន្តបានសម្លាប់មនុស្ស ១៣នាក់ និង ៥៣នាក់ផ្សេងទៀតរងរបួសនៅក្នុងតំបន់ Al-Bab ក្នុងទីក្រុងជនបទអាឡិបប៉ូនៃប្រទេសស៊ីរី»។

នៅពេលមុននេះបន្តិច ទីភ្នាក់ងារសារព័ត៌មាន SANA ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា ជនស៊ីវិលរាប់សិបនាក់ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការបំផ្ទុះដែលបានកើតឡើងនៅលើទឹកដីដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធដែលគាំទ្រដោយតួកគី។

រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះទេ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)