ចិនរិះគន់ទង្វើប្រឆាំងនឹងគោលការណ៍ចិនមួយ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ — អ្នកនាំពាក្យចិនដីគោកម្នាក់បាននិយាយពីថ្ងៃអង្គារថា ប្រជាជនចិនទាំងអស់ប្រឆាំងយ៉ាងខ្លាំង ចំពោះពាក្យសំដី ឬសកម្មភាពណាមួយដែលរំលោភលើគោលការណ៍ចិនមួយ ព្រមទាំងធ្វើឱ្យមានគ្រោះថ្នាក់ដល់ផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសចិន​ ។

លោក ជូ ហ្វេងលៀន  អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ របស់ក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់នេះនៅក្នុងការឆ្លើយតបទៅនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយមួយ អំពីសំណើរបស់គណបក្សគូមីនតាង      ( KMT ) ចិននៅឯអង្គការនីតិបញ្ញាត្តិក្នុងស្រុកនៅតៃវ៉ាន់ ដែលស្វែងរកការធ្វើអន្តរាគមន៍របស់ ស.រ.អា ក្នុងកិច្ចការច្រកសមុទ្រនោះ  ។

លោក ជូ បានទទូចដល់មនុស្សដែលមានជាប់ទាក់ទងរបស់ KMT ឱ្យដឹងនូវកំហុសឆ្គង និងកុំចូលរួមនៅក្នុងទង្វើណាមួយដែលនឹងធ្វើឱ្យខូចដល់ផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសចិន ក៏ដូចជាសន្តិភាពនិងស្ថិរភាព នៃទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ  ។

លោក ជូ បាននិយាយថា បុព្វហេតុជាមូលដ្ឋានសម្រាប់ស្ថានការណ៍ដែលស្មុគស្មាញ នឹងភាព តានតឹងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅពេលបច្ចុប្បន្នគឺថា អាជ្ញាធរគណបក្សចម្រើនជឿនលឿនប្រជាធិបតេយ្យនៅតៃវ៉ាន់ក្នុងការឃុបឃិតគ្នាជាមួយកម្លាំងខាងក្រៅបានធ្វើសកម្មភាពបង្កហេតុជាបន្ត ដែលស្វះស្វែងរក « ឯករាជ្យ តៃវ៉ាន់ »  ។

ដោយរំលឹកឡើងវិញថា តៃវ៉ាន់ គឺជាផ្នែកដែលមិនអាចបំបែកបានរបស់ចិននោះ លោក ជូ បានកត់ សម្គាល់ថា វាជាការពិតជាប្រវត្តិសាស្ត្រ និងស្របច្បាប់ដែលមិនអាចផ្លាស់ប្តូរបានមួយដែលថា ផ្នែកទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ជារបស់ចិនតែមួយនោះ​ ។

លោក ជូ បាននិយាយថា    យើងប្រឆាំងចំទាស់យ៉ាងខ្លាំងចំពោះសកម្មភាពបំបែកខ្លួនណាមួយ ដើម្បីបង្កើតរបស់ដែលហៅថា « ឯករាជ្យ តៃវ៉ាន់ »   « ចិនពីរ » ឬចិនមួយ , តៃវ៉ាន់មួយនោះ ដោយលោកនិយាយបន្ថែមថា បញ្ហាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ត្រូវតែដោះស្រាយដោយជនរួមជាតិ ឆ្លងកាត់ច្រកសមុទ្រនេះ នឹងមិនអនុញ្ញាតឱ្យមានការធ្វើអន្តរាគមន៍ពីខាងក្រៅណាមួយឡើយ ៕

(ប្រភព ស៊ីនហួ  បកប្រែដោយលោក ប៉ិនមឿន )