កសិករឥណ្ឌារាប់រយនាក់បន្តការតវ៉ាប្រឆាំងនឹងកំណែទម្រង់វិស័យកសិកម្ម

AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០​ — ច្បាប់កសិកម្មដ៏ចម្រូងចម្រាសទាំងបីដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលដឹកនាំដោយលោក ណារិនដ្រា ម៉ូឌី បានធ្វើឱ្យមានការតវ៉ានៅក្នុងរដ្ឋកសិកម្មមួយចំនួនរបស់ប្រទេសឥណ្ឌា ចំពេលដែលកំពុងមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ ក្រុមកសិករ និងគណបក្សនយោបាយប្រឆាំងបានចាត់ទុកច្បាប់ថ្មីនេះថា ជាការ «ប្រឆាំងនឹងកសិករ» ដោយមានការភ័យខ្លាចថា ពួកគេនឹងផ្តល់អំណាចដល់ក្រុមហ៊ុនសាជីវកម្មដែលធ្វើឱ្យកសិករត្រូវបានគេដកហូតតម្លៃសមរម្យសម្រាប់ផលិតផលរបស់ពួកគេ។

ការធ្វើការតវ៉ានេះបានកើនឡើងនៅក្នុងរដ្ឋ Haryana នៅក្នុងប្រទេសឥណ្ឌាភាគខាងជើងកាលពីថ្ងៃអង្គារ នៅពេលដែលក្រុមកសិករបានប្រមូលផ្តុំគ្នាជាច្រើនដើម្បីឡោមព័ទ្ធផ្ទះរបស់ឧបនាយករដ្ឋមន្ត្រីឥណ្ឌា លោក Dushyant Chautala នៅទីក្រុង Sirsa ដើម្បីប្រឆាំងនឹងច្បាប់កសិកម្មដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលឥណ្ឌា។

សន្តិសុខត្រូវបានបង្កើតឡើងនៅខាងក្រៅផ្ទះរបស់លោកឧបនាយករដ្ឋមន្រ្តីនោះ ដែលថ្មីៗនេះលោកបានការពារច្បាប់កសិកម្មថ្មីនេះ ហើយបានចោទប្រកាន់ក្រុមប្រឆាំងថា បានធ្វើការបំភាន់ប្រជាជន។

ការតវ៉ាដែលកំពុងកើតមាននៅភាគខាងជើងរដ្ឋ Punjab និងរដ្ឋ Haryana បានឈានដល់រយៈពេលមួយខែហើយគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ។ ប្រជាកសិករនៅក្នុងរដ្ឋ Punjab បានបិទផ្លូវរថភ្លើង ហើយបានដុតបំផ្លាញរូបសំណាករបស់លោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី ចំពោះការអនុម័តច្បាប់កសិកម្មថ្មី និងមេដឹកនាំសភាជាតិ លោក រ៉ាហ៊ុល ហ្កាន់ឌី ចំពោះអ្វីដែលពួកគេមើលឃើញថា ជាការធ្វើនយោបាយ និងការធ្វើបាបដល់ក្រុមកសិករដើម្បីជាការចំណេញផ្នែកនយោបាយ។

ទន្ទឹមនឹងនេះដែរ លោក រ៉ាហ៊ុល ហ្កាន់ឌី បានបញ្ជាក់សារជាថ្មីនូវការវាយប្រហាររបស់លោកប្រឆាំងនឹងលោក ម៉ូឌី ដោយអះអាងថា លោកនាយករដ្ឋមន្រ្តីបានបំផ្លាញប្រព័ន្ធសន្តិសុខស្បៀងអាហារទាំងមូល តាមរយៈកំណែទម្រង់ចុងក្រោយ ហើយវាគឺជាការវាយប្រហារទៅលើកសិកររបស់យើង៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)