ប្រទេសម៉ាឡេស៊ីបិទសាលារៀនចំនួន ១២២ នៅរដ្ឋសាបាហ៍ដោយសារជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០​ — ក្រសួងអប់រំម៉ាឡេស៊ីបានសម្រេចថា សាលារៀនសរុបចំនួន ១២២ នៅតំបន់កូតាគីណាបាលូ តំបន់ប៉េណាំប៉ាង និងតំបន់ពូតាតាន នៅក្នុងរដ្ឋសាបាហ៍ត្រូវបានបិទចាប់ពីថ្ងៃទី ៦ ខែតុលានេះតទៅ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ។

នៅក្នុងនោះមានសាលាបឋមសិក្សាចំនួន ៨៦ អនុវិទ្យាល័យចំនួន ២៥ និងសាលាឯកជនចំនួន ១១ ត្រូវបានបិទទ្វារមួយថ្ងៃមុនពេលដែលត្រូវអនុវត្តបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរតាមលក្ខខណ្ឌ (CMCO) ក្នុងតំបន់ចំនួន ៣ នេះ ចាប់ពីម៉ោង ០:០០ព្រឹកថ្ងៃទី ៧ ខែតុលា។

ការបិទសាលារៀន និងការពង្រឹងការអនុវត្តច្បាប់ CMCO នេះ បានកើតឡើងបន្ទាប់ពីចំនួននៃករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងតំបន់ទាំង ៣ បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីដើមខែតុលាមក។

កាលពីថ្ងៃទី ៥ ខែតុលា ប្រទេសម៉ាឡេស៊ីបានកត់ត្រានូវការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៤៣២ករណីដែលជាតួលេខប្រចាំថ្ងៃខ្ពស់បំផុតរហូតមកដល់ពេលនេះ ដោយក្នុងនោះជាលើកទីមួយដែលមានរដ្ឋមន្រ្តីម្នាក់ ត្រូវបានបញ្ជាក់ថា បានឆ្លងជំងឺនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)