រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អន្លង់ស្វាយត្រៀមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីទទួលភ្ញៀវទេសចរ វិទ្យុជាតិកម្ពុជា៖ ស្រីផល

វិទ្យុជាតិកម្ពុជា៖ ស្រីផ

កំពង់ឆ្នាំង៖ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានប្រាប់វិទ្យុជាតិកម្ពុជា ថា តំបន់ទេសចរណ៍ទឹកធ្លាក់អន្លង់ស្វាយមួយនេះ មិនទាន់មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងនៅឡើយទេ ដោយសារតែពេលនេះមានភ្លៀងធ្លាក់ច្រើន ដែលនាំឱ្យការធ្វើដំណើរពិបាកជាងមុន ។

លោកបន្តថា មន្ទីររួមទាំងអាជ្ញាធរពាក់ព័ន្ធ បានត្រៀមរៀបចំកែលម្អតំបន់ទឹកធ្លាក់អន្លង់ស្វាយនេះ បន្ថែមទៀត ដូចជា៖ រៀបចំកែលម្អកញ្ចុះអង្គុយលេង សេវាកម្មម្ហូបអាហារ មានគុណភាពអនាម័យ កែលម្អបន្ទប់ទឹក និងកែលម្អផ្លូវធ្វើដំណើរ ជាដើម។ លោកប្រធានមន្ទីរបានបន្តថា រមណីយដ្ឋានទឹកធ្លាក់នេះ ពិតជាមានសម្រស់ស្រស់ស្អាត កំពុងលាក់ខ្លួនក្នុង ព្រៃភ្នំដ៏ត្រជាក់ មានទេសភាពល្អប្រណិត មានខ្យល់បរិសុទ្ធមិនចាញ់ទឹកធ្លាក់នៅតំបន់ផ្សេងៗនោះទេ ។

លោកបន្តថា ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺមានការលំបាកបន្តិច ដោយសារផ្លូវនៅរដូវវស្សានេះ មានភ្លៀងហូរច្រោះកាត់ផ្លូវ ដែលធ្វើឱ្យមានការលំបាកក្នុងការធ្វើដំណើរ ប៉ុន្តែដោយសារតែការយកចិត្តទុកដាក់ របស់ឯកឧត្តមអភិបាលខេត្ត ដែលលោកធ្លាប់មានការណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីជួយសម្រួលធ្វើផ្លូវ ហើយនិងធ្វើការស្ថាបនាផ្លូវជាបន្តបន្ទាប់ ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរទៅលេងកម្សាន្ត។ លោកសង្ឃឹមថា
ក្រោយពីអភិវឌ្ឍន៍តំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អន្លង់ស្វាយនេះរួចរាល់ នឹងមានភ្ញៀវទេសចរមកលេងកម្សាន្ត កាន់តែច្រើនថែមទៀតមិនខានឡើយ។
សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ ស្ថិតនៅក្នុងភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស ក្រុងកំពង់ឆ្នាំង ៕