ក្រសួងសាធារណការបន្តអំពាវនាវដល់ម្ចាស់យានយន្តផុតឆៀកទៅបន្តសុពលភាពឡើងវិញ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវដល់ប្រជាពលរដ្ឋយកយានយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហៅកាត់ថា «ឆៀក» ឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាង ប្រឈមមុខនឹងការផាកពិន័យ និងដើម្បីធានាដល់ការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ មណ្ឌលឆៀក សាខាកំបូល ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ព្រឹកថ្ងៃទី៧ ខែតុលានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែសហការជាមួយវិស័យឯកជន ក្នុងការបង្ខិតសេវាត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តឱ្យទៅជិតប្រជាពលរដ្ឋនៅគ្រប់កន្លែង ដើម្បីឱ្យពួកគាត់ចំណេញពេលវេលា ថវិកា ក្នុងការយកយានយន្ត ទៅឆៀកឱ្យបានតាមកាលកំណត់ និងទាន់ពេលវេលា សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្តម ទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ ក្រសួងបានផាកពិន័យលើយានយន្ត ហួសសុពលភាពឆៀកនេះ បានទឹកប្រាក់សរុបជាង៣ពាន់លានរៀល ខណៈក្នុងរយៈពេលប្រជាពលរដ្ឋយកយានយន្ត ទៅឆៀក ក៏បានរកឃើញយានយន្តមិនចូលទៅឆៀក ឬ ហួសសុពលភាពឆៀកយូរឆ្នាំ ប៉ុន្តែក្រសួងបានបន្ធូរបន្ថយប្រាក់ពិន័យ ដោយយល់ឃើញថា ប្រជាពលរដ្ឋបានប៉ះពាល់សេដ្ឋកិច្ចរួចទៅហើយ ដោយសារជំងឺរាតត្បាតកូវីដ១៩។
បើតាមការបញ្ជាក់របស់ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន បានឱ្យដឹងថា ក្នុងរយៈពេល៣ខែ ចុងក្រោយនេះ មានយានយន្តប្រហែលជាង៨ម៉ឺនគ្រឿង បានចូលទៅធ្វើឆៀក ហើយក្នុងចំណោមនេះ មានយានយន្ត ជាង២ម៉ឺនគ្រឿង ត្រូវបានផាកពិន័យនៅនឹងកន្លែង។ ឯកឧត្តម បានបន្ថែមថា នៅមានរថយន្ដប្រហែលជាង៣៦ម៉ឺនគ្រឿងទៀត នៅមិនទាន់ទៅឆៀកឡើងវិញនៅឡើយ។
សូមបញ្ជាក់ថា ការពិន័យចំពោះឆៀករថយន្ត គឺដាច់ដោយឡែកពីសមត្ថកិច្ច ដោយការផាកពិន័យរបស់សមត្ថកិច្ច ទៅលើរថយន្តហួសសុពលភាពឆៀក និងមិនព្រមទៅធ្វើឆៀក ចំពោះរថយន្តធុនស្រាលចំនួន១៨ម៉ឺនរៀល និងរថយន្តធុនធ្ងន់ចំនួន៣៧ម៉ឺន៥ពាន់រៀល។
ដោយឡែក ចំពោះការពិន័យលើឆៀករថយន្ត ដោយក្រសួងសាធារណការ និងដឹកជញ្ជូន គឺគិតតាមថ្ងៃ ដោយក្នុងមួយថ្ងៃ ចំនួន៥០០រៀល សម្រាប់រថយន្តធុនតូច ឬស្រាល និងរថយន្តធុនធំ ឬធ្ងន់ ក្នុងតម្លៃ២.០០០រៀល ក្នុងមួយថ្ងៃ៕