សម្ភារប្រើប្រាស់តម្លៃជាង១ម៉ឺនដុល្លារត្រូវបានអង្គការមូលនិធិកុមារកម្ពុជា ផ្តល់ជូនមជ្ឈមណ្ឌលកុលាបទី៤

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

សម្ភារប្រើប្រាស់សរុបជាទឹកប្រាក់ ១២,៤៣២ ដុល្លារអាមេរិក ត្រូវបានអង្គការមូលនិធិកុមារកម្ពុជា ផ្តល់ជូន មជ្ឈមណ្ឌលកុលាបទី៤ ដើម្បីជួយទ្រទ្រង់ដល់ការរស់នៅរបស់កុមារ ដែលកំពុងស្នាក់ក្នុងមជ្ឈមណ្ឌលនេះ ។

ថ្លែងក្នុងពិធីឧបត្ថម្ភសម្ភារមនុស្សធម៌ពីអង្គការមូលនិធិកុមារកម្ពុជា ដល់កុមារមជ្ឈមណ្ឌលកុលាបទី៤ នៅរសៀលថ្ងៃទី ៦ ខែ តុលា លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានមានប្រសាសន៍ថា មណ្ឌលថែទាំជំនួសចំពោះកុមារ គឺជាកន្លែងដែលចាំបាច់បំផុតសម្រាប់ថែទាំកុមារក្នុងការទទួលបាននូវការអប់រំ ការរៀនសូត្រ ការបណ្តុះបណ្តាល ពេលបណ្តោះអាសន្ន ។ លោកស្រីបន្តថា ការមើលថែទាំកុមារ ជាពិសេសកុមារតូចៗងាយរងគ្រោះ ដែលកុមារមួយចំនួនត្រូវឪពុកម្តាយយកទៅសុំទានតាមផ្លូវ ឪពុកម្តាយឈ្លោះគ្នា កុមារខ្លះត្រូវបានឪពុកម្តាយបោះបង់ចោល និងឪពុកម្តាយជាប់ទោសជាដើម ដែលត្រូវការ ការមើលថែពីមជ្ឈមណ្ឌលជំនួស។លោកស្រី បានកោតសរសើរនិងថ្លែង    អំណរគុណ លោក ស្តុត និសិន ដែលបានចូលរួមចំណែក ជួយដល់កុមារកម្ពុជាពីដើមមកដល់បច្ចុប្បន្ននិងតទៅអនាគត ។

សំឡេង«ក្នុងនាមមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវការកោតសរសើរ ចំពោះ លោក ស្តុត និសិន និងអង្គការភាពញញឹមនៃកុមារ ដែលតែងតែជួយឧបត្ថម្ភគាំទ្រមិនត្រឹមតែដែនរបស់អង្គការមូលនិធិមួយមុខទេ ថែមទាំងចែករំលែក នូវពេលវេលា សម្ភារនិងក្តីស្រឡាញ់ ឱ្យដល់កុមារទូទាំងប្រទេស » ។

លោកស្រីបានឱ្យដឹងថា សម្ភារទាំងអស់ដែលអង្គការមូលនិធិកុមារកម្ពុជា ផ្តល់ជូនកុមារមជ្ឈមណ្ឌលកុលាបទី៤ មានដូចជា សាប៊ូ ខោទឹកនោម អាវយឺត គ្រែពីរជាន់ ពូក ខ្នើយ កង្ហារ កង់ សម្ភារកីឡា សម្ភារពេទ្យសង្រ្គោះបឋម និងថ្នាំវីតាមីនគ្រប់   ប្រភេទ ។

លោក ស្តុត និសិន ស្ថាបនិកនិងជានាយកប្រតិបត្តិ អង្គការមូលនិធិកុមារកម្ពុជា ហៅកាត់ (CCF) បានមានប្រសាសន៍ថា ការចូលរួមចំណែករបស់អង្គការCCF ដោយមើលទៅលើចំណុចរបស់មជ្ឈមណ្ឌលដែលបានបង្កើតឱកាសឱ្យកុមារដែល ជួបនឹងបញ្ហាត្រូវការអ្នកមើលថែទាំ ។ លោកបន្តថា អង្គការនឹងខិតខំផ្តល់ជូនសម្ភារបរិក្ខាឱ្យកាន់តែប្រសើរបន្ថែមទៀត  ដើម្បីរួមចំណែកផ្តល់ភាពរីករាយដល់កុមារទាំងឡាយនោះ ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលកុលាបទី៤ មានបុគ្គលិកចំនួន១២នាក់ ស្រី៩នាក់ កុមារ៩០នាក់ កុមារី៣៥នាក់។  រៀងរាល់ល្ងាចថ្ងៃចន្ទដល់ថ្ងៃសុក្រ កុមាររៀនភាសាអង់គ្លេស រៀងរាល់ថ្ងៃអាទិត្យ កុមារមានការចូលរួមធ្វើជាចុងភៅ  ហើយ ជារៀងរាល់ល្ងាចថ្ងៃអាទិត្យ កុមារនាំគ្នាហាត់របាំ ៕