បង្កងចិញ្ចឹមទឹកសាបខេត្តតាកែវមានរសជាតិផ្អែមឆ្ងាញ់ដូចបង្កងធម្មជាតិ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹងសុផារី
តាកែវ ៖ បង្កងចិញ្ចឹមទឹកសាបក្នុងខេត្តតាកែវ មានរសជាតិផ្អែមឆ្ងាញ់មិនចាញ់បង្កងធម្មជាតិឡើយ ហើយតម្រូវការទីផ្សារខ្ពស់ ដោយសាតែអ្នកបរិភោគមានទំនុកចិត្តខ្ពស់ ។
លោក ព្រំ វ៉ាត ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បង្កងចិញ្ចឹមទឹកសាបនេះ ចិញ្ចឹមតាមបែបធម្មជាតិ ប្រើរយៈពេល៧ទៅ៨ខែអាចលក់បាន។ ដោយបង្កងប្រភេទលេខ១លក់បានតម្លៃ១២ម៉ឺនរៀលក្នុង១គីឡូក្រាម លេខ២តម្លៃ៨ម៉ឺនរៀលក្នុង១គីឡូក្រាម និងលេខ៣មានតម្លៃពី ៦ទៅ៧ម៉ឺនរៀលក្នុងមួយគីឡូក្រាម។
លោកបន្តថា បង្កងចិញ្ចឹមនេះវាស៊ី ចំណីមានដូចជាខ្យង ត្រី និងចំណីកែច្នៃបែបធម្មជាតិ ដូច្នេះហើយ បានធ្វើឱ្យសាច់របស់វាឆ្ងាញ់ ដូចបង្កងធម្មជាតិពិតៗ។
លោកថា បច្ចុប្បន្នការចិញ្ចឹមគឺទទួលបានជោគជ័យ ក្រោយពីទទួលបានការណែនាំពីមន្ត្រីជំនាញរបស់មន្ទីរកសិកម្មខេត្តទាក់ទងនឹងការចិញ្ចឹម ការថែទាំ ដែលបានជួយកែប្រែជីវភាពក្រុមគ្រួសាររបស់គាត់កាន់តែល្អប្រសើរ ។ កន្លងមកការចិញ្ចឹមគឺគ្មានផលវិបាកអ្វីទេ សំខាន់ទៅលើទឹកបើសិនទឹកគ្រប់គ្រាន់គឺមិនមានបញ្ហាអ្វីកើតឡើងនោះទេ ដោយសារពូជធម្មជាតិនៅក្នុងស្រុកអង្គរបុរីតែម្ដង យើងយកមេមកបង្កាត់នៅក្នុងតំបន់នេះតែម្ដង ។
បច្ចុប្បន្ននេះកសិដ្ឋានរបស់លោកទទួលបានទាំងប្រាក់ចំណូល ទាំងចំណេះដឹងពីការចិញ្ចឹមបង្កងបែបធម្មជាតិ និងការភ្ញាស់កូន បានប្រហែល៦០ម៉ឺនកូនដើម្បីចិញ្ចឹមក្នុងកសិដ្ឋានផង និងលក់ចែកចាយឱ្យ អ្នកចិញ្ចឹមបន្តនៅទូទាំងខេត្ត និងបណ្តាខេត្តដទៃទៀត ហើយក្នុង១ឆ្នាំៗលោកអាចទទួលបានប្រាក់ចំណេញចន្លោះពី៤ម៉ឺនទៅ៥ម៉ឺនដុល្លារ។
សូមបញ្ជាក់ថា កសិដ្ឋានរបស់លោក ព្រំ វ៉ាត ចាប់ផ្តើមចិញ្ចឹមបង្កងចាប់តាំងពីឆ្នាំ២០០៧ ដោយមកដល់បច្ចុប្បន្នមានចំនួន១០ស្រះ លើផ្ទៃដី៤,៥ហិកតា អាចទទួលទិន្នផលបានជិត៣តោនក្នុងមួយស្រះ ដោយដាក់កូនចិញ្ចឹមចំនួន៥ម៉ឺនកូន ៕