អាជ្ញាធរជាតិអប្សរាកំពុងបង្វែរទឹកភ្លៀងចូលក្នុងបារាយណ៍ខាងលិចដើម្បីរក្សាទុក បម្រើផលប្រយោជន៍កសិកម្មនិងការអភិរក្សប្រាសាទ

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ លោកអេង យូ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាកំពុងបង្វែរទឹកភ្លៀងចូលក្នុងបារាយណ៍ខាងលិចដើម្បីរក្សាទុកសសម្រាប់​បម្រើផលប្រយោជន៍​ដល់វិស័យកសិកម្មនិងការអភិរក្សប្រាសាទក្នុងតំបន់អង្គរ។

ក្រុមការងារបច្ចេករបស់អាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារបញ្ចូលទឹកទៅក្នុងបារាយណ៍ខាងលិច ដើម្បីរក្សាទុកបម្រើផលប្រយោជន៍ក្នុងការងារអភិរក្ស ប្រាង្គប្រាសាទអង្គរ និងការងារកសិកម្មរបស់​ប្រជាពលរដ្ឋ​នៅជុំវិញ​នោះ ដែលរហូតមក ដល់ពេលនេះ ដំណើរការបញ្ចូលទឹកទទួលបានលទ្ធផលប្រមាណ៩០ភាគរយ​​ហើយ។

លោកភឿន សុធីអនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានថ្លែងប្រាប់វិទ្យុជាតិកម្ពុជា ថា បារាយណ៍ខា​ងលិចមានលទ្ធភាពស្តុកទឹកបាន ចំនួន៥៦លានម៉ែត្រគូប។

លោកបន្តថា ទឹកនៅបារាយណ៍ខាងលិចមានសក្តានុពលខ្លាំង ក្នុងការថែរក្សាប្រភពទឹកក្រោមដី ដើម្បី​ជាប្រយោជន៍​ដល់កិច្ចការអភិរក្សប្រាសាទក្នុង តំបន់អង្គរ, សម្រួលការងារស្រោចស្រពដំណាំ របស់បងប្អូនប្រជាពលរដ្ឋនៅប៉ែក ខាងក្រោមប្រមាណជាង១ម៉ីនហិកតា និងអាចកែច្នៃជាទឹកស្អាតសម្រាប់ផ្គត់ផ្គង់​ដល់ប្រជាពលរដ្ឋប្រើ​ប្រាស់នៅក្នុងក្រុង​សៀមរាបថែមទៀតផង។

លោកបញ្ជាក់ថា៖« បច្ចុប្បន្នយើងនៅខ្វះប្រហែល ៥លានម៉ែត្រគីប ប្រហែល១០ភាគរយទៀតបាន​ពេញមួយរយ​ភាគរយ បាន៥៦លានម៉ែត្រគូប បារាយណ៍ខាងលិចមានសក្តានុពលខ្លាំង ទី១ជួយថែរក្សាប្រព័ន្ធទឹកក្រោមដី ក្នុងការងារ​ថែរក្សាអភិរក្សប្រាសាទក្នុងតំបន់អង្គរ ទី២ស្រោចស្រពនៅផ្នែកខាងក្រោមបារាយណ៍ជាង១ម៉ឺនហិកតា និងសំខាន់ទី៣ គឺយកទឹកបារាយណ៍ទៅប្រើប្រាស់ជាទឹកស្អាត ក្នុងក្រុង អ៊ីចឹងបារាយណ៍សំខាន់ សម្រាប់​​ប្រជាពលរដ្ឋ​ក្នុងក្រុង និងប្រជាពលរដ្ឋរស់នៅក្រោមបារាយណ៍ប្រមាណ៩ឃុំ-សង្កាត់»។

សូមបញ្ជាក់ថា បារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លាត្រូវបានកសាងឡើង នៅក្នុងរជ្ជកាលព្រះបាទឧទយាទិត្យ​​វរ្ម័នទី២នៅ​ពាក់កណ្តាលសតវត្សទី១១មានបណ្តោយ៨គីឡូម៉ែត្រ និងទទឹង២គីឡូម៉ែត្រ២០០៕