រយៈពេល៩ខែ ជំងឺគ្រុនឈាមក្នុងខេត្តកំពង់ចាមថយចុះគួរឱ្យកត់សម្គាល់

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

កំពង់ចាម ៖ មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ ជំងឺគ្រុន​ឈាម​ក្នុងខេត្ត​ថយចុះមកត្រឹមតែ៦៣ករណី ខណៈឆ្នាំមុនមានរហួតដល់មានជិត៧០០ករណី។

លោកវេជ្ជបណ្ឌិត គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម មានប្រសាសន៍ប្រាប់​វិទ្យុជាតិកម្ពុជា​ឱ្យដឹងថា ការថយចុះនេះ គឺដោយសារ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីវីធី​ការពារនិងការចម្លង​នៃជំងឺគ្រុន​ឈាម ។

លោកវេជ្ជបណ្ឌិតបន្តថា បើទោះបីជាជំងឺគ្រុនឈាមមានការថយចុះយ៉ាងច្រើនក្តី ក៏មន្ទីរសុខាភិបាល និងក្រុមការ​​ងារជំនាញ នៅតែបន្តចុះបាញ់ថ្នាំ និងដាក់អាប៊ែត អប់រំពីវិធានការការពារ ទប់ស្កាត់ជំងឺគ្រុនឈាម ដល់​​ប្រជាពល​​រដ្ឋតាមខ្នងផ្ទះ តំបន់ទេសចរណ៍ រមណីយដ្ឋាន និងអាហារដ្ឋាន ឱ្យចូលរួមសម្អាតទីធ្លាជុំវិញបរិវេណ​លំនៅ​ឋាន ឱ្យថែរក្សាអនាម័យបរិស្ថាន លុបបំបាត់ថ្លុកទឹកដក់ ត្រូវគេងក្នុងមុង ជាពិសេសក្មេងៗត្រូវស្លៀក​ពាក់ខោអាវ​ដៃវែង​ជាដើម​។

ជំងឺគ្រុនឈាមបង្កឡើងដោយមូសខ្លាញីខាំ អាចកើតលើមនុស្សគ្រប់វ័យដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួម​អនុវត្ត តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានល្អ។

ប្រសិន​​ជា​មាន​សមា​ជិកក្រុម​​គ្រួ​សារណា​ដែលមានរោគសញ្ញាក្តៅខ្លួន ខុសប្លែកពីធម្មតាត្រូវប្រញាប់​​បញ្ជូនទៅ​កាន់​មណ្ឌល​សុខភាព ឬមន្ទីរពេទ្យនៅជិតផ្ទះបំផុត ដើម្បីទទួលបានការព្យាបាល​​ពីមន្រ្តី​ជំនាញ​សុខាភិបាល។

មន្ទីរសុខាភិបាលខេត្តបានទទួលថ្នាំអាប៊ែតចំនួន១០តោន ពីក្រសួងសុខាភិបាល ដើម្បីចែកជូនប្រជា​ពលរដ្ឋ​ក្នុង​មូល​​​ដ្ឋាន ហើយនឹងបន្តយុទ្ធនាការចុះដាក់ថ្នាំអាប៊ែត នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ លើកទី២នៅក្នុងពេល​ឆាប់ៗខាង​​មុខនេះខណៈលើកទី១ បានអនុវត្តកាលពីខែកក្កដាកន្លងមកនេះ៕