គ្រូបង្រៀនមានតួនាទីសំខាន់ក្នុងការកំណែទម្រង់វិស័យអប់រំឱ្យកាន់តែមានគុណភាព

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងអប់រំយុវជននិងកីឡា លើកឡើងថា គ្រូបង្រៀនមានតួនាទីសំខាន់ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំឱ្យកាន់តែមានគុណភាពតាមបច្ចេកវិទ្យាថ្មី ក្នុងវិបត្តិជំងឺកូវីដ-១៩នេះ ។

ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា ក្រសួងបានមើលឃើញ កាន់តែច្បាស់អំពី តួនាទីយ៉ាងសំខាន់ របស់គ្រូបង្រៀន ក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំ ដែលផ្ដោតជាសំខាន់លើការបង្កើតចំណេះដឹង បំណិន និងសមត្ថភាពរបស់គ្រូបង្រៀន ។

សំឡេង៖«យើងឃើញថានៅពេលមានបញ្ហាកូវីដ ហើយយើងត្រូវបិទសាលារៀននេះ គឺលោកគ្រូអ្នកគ្រូជាច្រើន បានខិតខំប្រឹងប្រែងបង្រៀនអនឡាញ ជាពិសេសរៀនសូត្រតាមបច្ចេកវិទ្យា អ៊ីចឹងនៅតាមសាលារៀមមួយចំនួន គឺការបង្រៀនអនឡាញនេះមានន័យថា ក្រសួង បានវិនិយោគច្រើនទៅលើប្រព័ន្ធបច្ចេកវិទ្យា។ ហើយការធ្វើកំណែទម្រង់នេះ គឺមានគោលដៅ ទី១ លើកម្ពស់គុណវុឌ្ឍិគ្រូ ដើម្បីលើកកម្ពស់តួនាទីរបស់គ្រូ និងតម្លៃរបស់គ្រូ អ៊ីចឹងបើគ្រូមានគុណវុឌ្ឍខ្ពស់ មានន័យថាគាត់នឹងទទួលបាននូវការគោពពីសង្គម ហើយនៅពេលលទ្ធផលសិក្សាបានល្អប្រសើរ គឺគាត់នឹងទទួលបាននូវការគោពនិងកោតសរសើរពីមាតាបិតាសិស្ស» ។

ឯកឧត្តមរដ្ឋមន្រ្តីអប់រំបញ្ជាក់ថា ក្រៅពីគ្រូបង្រៀននាយកសាលា ក៏ជាតួអង្គសំខាន់ក្នុងការធ្វើឱ្យលទ្ធផលសិក្សារបស់សិស្ស មានការប្រែប្រួលជាពិសេសនាយកល្អគឺជានាយកដែលបង្កើតនូវបរិស្ថានល្អ សម្រាប់ការបង្រៀននិងរៀនគ្រូល្អអាចបម្រើការងារនៅក្នុងសាលាបានល្អ អាស្រ័យដោយមាននាយកល្អ ។

រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ វិនិយោគតាមគ្រប់រូបភាព ដល់វិស័យអប់រំ ជួយសម្របសម្រួល និងគាំទ្រដល់កំណែទម្រង់ លើវិស័យអប់រំ ៕