ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីបង្កើនជើងហោះហើរជាបណ្តើរៗ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០​ — ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) នឹងបង្កើនជើងហោះហើរជាបន្តបន្ទាប់ដើម្បីឈានដល់ប្រហែល ១៥ភាគរយនៃសមត្ថភាពអ្នកដំណើរធម្មតារបស់ខ្លួននៅចុងឆ្នាំ ២០២០ ។

ក្រុមហ៊ុនអាកាសចរណ៍ និងដៃគូប្រចាំតំបន់របស់ខ្លួន គឺក្រុមហ៊ុនអាកាសចរណ៍ SilkAir នឹងធ្វើការហោះហើរសាជាថ្មីទៅកាន់ប្រទេសព្រុយណេ ទីក្រុងហ្វុគូកានៅជប៉ុន ទីក្រុងកាតាម៉ាន់ឌូនៅនេប៉ាល់ និងទីក្រុងម៉ាល់នៅម៉ាល់ឌីវ ក្នុងរយៈពេល ៣ខែទៀត។

ជើងហោះហើរក៏នឹងកើនឡើងផងដែរនៅលើផ្លូវដែលមានស្រាប់មួយចំនួន។ ឧទាហរណ៍ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ SIA នឹងហោះហើររៀងរាល់ថ្ងៃទៅ និងមកពីទីក្រុងបាងកក (ប្រទេសថៃ) នៅខែធ្នូ។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏នឹងប្រតិបត្តិការជើងហោះហើរជារៀងរាល់ថ្ងៃ ទៅកាន់ទីក្រុងមែលប៊នក្នុងប្រទេសអូស្រ្តាលីនៅត្រឹមខែវិច្ឆិកា និងជើងហោះហើរពីរដងក្នុងមួយថ្ងៃដែលភាគច្រើននៅក្នុងខែធ្នូខាងមុខ។

ជើងហោះហើរផ្សេងទៀតទៅកាន់ទីក្រុងនានា រួមមាន ទីក្រុងដាកា (ប្រទេសបង់ក្លាដែស) ទីក្រុងហុងកុង (ប្រទេសចិន) និងទីក្រុងអាំស្ទែដាំ (ប្រទេសហូឡង់) ក៏នឹងត្រូវបានបង្កើនផងដែរ។

ជើងហោះហើរផ្សេងទៀតទាំងអស់ដែលគ្រោងធ្វើនៅក្នុងខែតុលាដល់ខែធ្នូ ប៉ុន្តែមិនបានចុះបញ្ជីក្នុងកាលវិភាគធ្វើបច្ចុប្បន្នភាពរបស់វាត្រូវបានលុបចោល។ អតិថិជនដែលរងផលប៉ះពាល់នឹងត្រូវបានជូនដំណឹងតាមរយៈសារជាអក្សរ និងអ៊ីមែល។

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ខ្លួនរំពឹងថា នឹងមានប្រតិបត្តិការតិចជាង ៥០ភាគរយនៃសមត្ថភាពធម្មតារបស់ខ្លួននៅដំណាច់ឆ្នាំហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងខែមីនាឆ្នាំក្រោយនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)