ប្រទេសសិង្ហបុរីបង្ហាញអំពីយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០​ — កាលពីថ្ងៃទី៥ ខែតុលា ឧបនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Heng Swee Keat បាននិយាយនៅក្នុងសភាជាតិអំពីយុទ្ធសាស្រ្តសំខាន់ៗដើម្បីជួយប្រទេសឱ្យងើបឡើងវិញបានលឿនពីវិបត្តជំងឺកូវីដ-១៩ ។

លោកបាននិយាយថា រដ្ឋាភិបាលសិង្ហបុរីបានអនុវត្តជំហានជាបន្តបន្ទាប់ដើម្បីបើកដំណើរការជាថ្មីម្តងទៀតដោយវិធានការសុវត្ថិភាពក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ លោកបាននិយាយបន្ថែមថា វាបានធ្វើឱ្យមានភាពប្រសើរឡើងវិញនូវយុទ្ធសាស្រ្តសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ពិភពលោកក្រោយពីវិបត្តជំងឺកូវីដ-១៩ ដើម្បីយកប្រទេសសិង្ហបុរីជាថ្នាំងមួយនៃតំបន់អាស៊ី-សកលលោក នៃបច្ចេកវិទ្យា ការច្នៃប្រឌិតថ្មី និងសហគ្រាស ព្រមទាំងសម្រេចបាននូវកំណើនរួម និងការកសាងភាពធន់។

លោកបាននិយាយថា គោលបំណងទាំងអស់នេះ គឺការបង្កើតជីវិត និងឱកាសឱ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាជន។

យោងតាមឧបនាយករដ្ឋមន្រ្តីរូបនេះបានឱ្យដឹងថា រដ្ឋាភិបាលរំពឹងថា ទីតាំងប្រាក់ចំណូលរបស់ សិង្ហបុរីនឹងចុះខ្សោយអស់រយៈពេលជាច្រើនឆ្នាំដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ ទៅលើចរន្តសេដ្ឋកិច្ចសកលលោក និងការធ្លាក់ចុះនៃសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះដែរ ការចំណាយរបស់រដ្ឋាភិបាលនឹងមានការកើនឡើងនៅពេលដែលខ្លួនបន្តផ្តល់ការគាំទ្រដល់ប្រជាជន និងក្រុមហ៊ុនអាជីវកម្មរបស់សិង្ហបុរី។

លោកបាននិយាយបន្ថែមថា ប្រទេសសិង្ហបុរីបានចំណាយថវិកាប្រមាណជិត ១០០ប៊ីលានដុល្លារ សិង្ហបុរី ដើម្បីគាំទ្រដល់ប្រជាជន និងបណ្តាក្រុមហ៊ុនអាជីវកម្មក្នុងអំឡុងពេលដ៏លំបាកនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)