ជំងឺរាតត្បាតបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទេសចរណ៍ឡាវ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០​ — យោងតាមសារព័ត៌មាន Vientiance Times បានឱ្យដឹងថា ទោះបីជាប្រទេសឡាវបានជៀសផុតពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ក៏ដោយ ក៏ផលប៉ះពាល់នៃជំងឺរាតត្បាតនេះមកលើសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសវិស័យទេសចរណ៍ត្រូវបានគេព្យាករណ៍ថា នឹងមានការបំផ្លិចបំផ្លាញ។

កាលពីថ្ងៃទី៥ ខែតុលា កាសែតនេះបានដកស្រង់ការស្ទង់មតិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានបង្ហាញថា សហគ្រាសពាក់កណ្តាលដែលបានស្ទង់មតិបានបិទជាបណ្តោះអាសន្ននៅក្នុងខែ​      ឧសភា និងប្រហែលជា ៧០ភាគរយមានការកាត់បន្ថយបុគ្គលិកដោយចំនួនបុគ្គលិកធ្លាក់ចុះ ៣៨ភាគរយ។ ទន្ទឹមនឹងនេះដែរ សហគ្រាសទេសចរណ៍ប្រមាណ ៧៨ភាគរយនៅខេត្តហ្លួងព្រះបាង ដែលជាតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកដ៏ពេញនិយមរបស់អង្គការយូណេស្កូក៏ត្រូវបានបិទដែរ។

នៅពេលមុនមានរោគរាតត្បាត វិស័យទេសចរណ៍មានការរីកចម្រើនយ៉ាងខ្លាំងនៅទូទាំងប្រទេស ឡាវ។ ចំនួនភ្ញៀវទេសចរបរទេសបានកើនឡើងពី ១៤,៤ភាគរយកាលពីឆ្នាំមុន ដែលឈានដល់កម្រិតខ្ពស់បំផុត គឺចំនួន ៤,៧៩លាននាក់ ជាមួយនឹងចំណូលទេសចរណ៍អន្តរជាតិសរុប ៩៣៤លានដុល្លារអាមេរិក។

ធនាគារអភិវឌ្ឍន៍អាស៊ីបាននិយាយថា ប្រទេសឡាវបានកំណត់គោលដៅភ្ញៀវទេសចរបរទេសចំនួន ៥លាននាក់ក្នុងឆ្នាំ ២០២០ ប៉ុន្តែដោយសារវិបត្តិសុខភាពពិភពលោកបានបណ្តាលឱ្យមានការរឹតត្បិតលើការធ្វើដំណើរ និងមានការធ្លាក់ចុះយ៉ាងរាលដាល។

ភ្ញៀវទេសចរអន្តរជាតិទៅកាន់ប្រទេសឡាវភាគច្រើនមកពីប្រទេសថៃ ដែលមានចំនួន ៤៥ភាគរយនៃចំនួនសរុបកាលពីឆ្នាំមុន បន្ទាប់មក គឺភ្ញៀវទេសចរចិន (២១,៣ភាគរយ) វៀតណាម (១៩,៣ភាគរយ) និងសាធារណរដ្ឋកូរ៉េ (៤,២ភាគរយ) ។

ធនាគារអភិវឌ្ឍន៍អាស៊ីបានកត់សម្គាល់ថា ដោយសារវិស័យទេសចរណ៍ គឺជាផ្នែកមួយនៃប្រាក់ចំណូលដ៏សំខាន់សម្រាប់ប្រទេសឡាវ ផលប៉ះពាល់នៃជំងឺរាតត្បាតទៅលើវិស័យនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសខ្លួន។ នៅខេត្តហ្លួងព្រះបាង និងវ៉ាងវៀង ដែលជាទិសដៅទេសចរណ៍ល្បីពីរដែលសហគ្រាសទេសចរណ៍ភាគច្រើនផ្តោតទៅលើភ្ញៀវទេសចរអន្តរជាតិ និងការកម្សាន្ត បានទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)