សហគមន៍ទេសចរណ៍ខេត្តឧត្តរមានជ័យ ពង្រឹងគុណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ទុយ សូលីដា

ឧត្តរមានជ័យ ៖ មន្ទីរទេសចរណ៍ខេត្តឧត្ដរមានជ័យ បានណែនាំដល់សហគមន៍ទេសចរណ៍ទាំងអស់ ឱ្យពង្រឹងគុណភាពលើសេវាកម្មពាក់ព័ន្ធទាំងអស់ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេង និងស្នាក់នៅបានយូរ ។

លោកស្រី ធិននី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ថា មន្ទីរទេសចរណ៍បានផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ឱ្យកែប្រែឡើងវិញនូវចំណុចខ្វះខាតនិងផ្សព្វផ្សាយតាមប្រព័ន្ធ internet នូវរូបភាព និងតំបន់ទេសចរណ៍ថ្មីៗក្នុងខេត្តឱ្យបានទូលំទូលាយ។

លោកស្រីបន្ថែមថា ជារៀងរាល់ឆ្នាំក្នុងអំឡុងខែកុម្ភៈ មន្ទីរទេសចរណ៍ខេត្តតែងតែរៀបចំព្រឹត្តិការណ៍ នៅតំបន់អន្លង់វែង មានដូចជា ការរត់ប្រណាំង ការជិះកង់រួមគ្នា ដើម្បីទាក់ទាញភ្ញៀវឱ្យមកស្គាល់ស្រុកអន្លង់វែងក៏ដូចជាខេត្តឧត្ដរមានជ័យកាន់តែច្បាស់ហើយមន្ទីរមានគម្រោងរៀបចំនៅតាមស្រុក ភូមិ ឃុំណា ដែលមានមុខម្ហូបប្លែកៗ និងសមិទ្ធផលថ្មីៗមកបង្ហាញជូនភ្ញៀវទេសចរនៅក្នុងឱកាសពិសេសៗ។

សូមបញ្ជាក់ថា ខេត្តឧត្ដរមានជ័យមានតំបន់ទេសចរណ៍ចំនួន ៣១កន្លែងក្នុងនោះតំបន់ធម្មជាតិ៧កន្លែង, តំបន់ប្រវត្តិសាស្ត្រអន្លង់វែងរបស់របបខ្មែរក្រហមចុងក្រោយមានចំនួន១៤កន្លែង និងតំបន់ប្រាង្គប្រាសាទមានជាង១០កន្លែង។
ក្នុងរយ:ពេល៩ខែ ឆ្នាំ២០២០នេះ ខេត្តឧត្ដរមានជ័យ ទទួលបានភ្ញៀវទេសចរប្រមាណជា១០ម៉ឺននាក់៕