កម្មករក្រុមហ៊ុនស៊ិនទ្រី នឹងទទួលបានឱកាសការងារថ្មីនិងប្រាក់អតីតភាពការងារតាមដំណាក់កាល

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ នឹងផ្តល់ប្រាក់អតីតភាពការងារទៅតាមដំណាក់កាល ដល់បុគ្គលិកម្មករ ក្រុមហ៊ុនស៊ិនទ្រី ហើយពួកគេនៅតែទទួលបានឱកាសការងារថ្មីដដែល នៅពេលក្រុមហ៊ុនចំនួន៣បើកប្រតិបត្តិការប្រមូលសំរាមនាពេលខាងមុខ។

​ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពិធី​សម្ពោធ​អគារ​ទីចាត់ការ​សាលា​បឋមសិក្សា​ សន្ធម៉ុក​ ថ្ងៃ​ទី​០៦​ខែ​តុលា​នេះ​ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា សាលារាជធានី ភ្នំពេញ នឹងបង្កើតឱ្យមានក្រុមហ៊ុនប្រមូលសំរាមចំនួនបីតំបន់ ដើម្បីធ្វើយ៉ាងណាឱ្យ ការប្រមូលសំរាមបានលឿនរហ័ស បញ្ចៀសការកកស្ទះ ខណៈដែលក្រុមហ៊ុនទាំងអស់ នោះ នឹងយកកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រី ដោយមានការជួយពីរដ្ឋបាលរាជធានីភ្នំពេញ មកបម្រើការងារដដែល ។
ប៉ុន្មានថ្ងៃនេះ មានការកកស្ទះសំរាម ដោយសារកម្មករក្រុមហ៊ុនស៊ីនទ្រី បានធ្វើកូដកម្ម ទាមទារប្រាក់អតីតភាព ដែលចំណុចនេះក្រសួងការងារបានជម្រាបជូនថា ប្រាក់អតីតភាព ក្រសួងនឹងផ្តល់ជូនតាមដំណាក់កាល ខណៈដែលកម្មករទាំងអស់នោះ សុំបើកប្រាក់ផ្តាច់តែម្ដងហើយឈប់ធ្វើការ។ការទាមទារបែបនេះ ដោយសារពួកគាត់ យល់ថា នៅថ្ងៃអនាគតដ៏ខ្លីនេះ រដ្ឋបាលរាធានីភ្នំពេញ នឹងធ្វើការដេញថ្លៃយកក្រុមហ៊ុន ចំនួន៣មកប្រតិបត្តិការប្រមូលសំរាម ហើយគាត់គិតថាគាត់មិនបានចូលធ្វើការងារបន្ត។
យ៉ាងណាក៏ដោយដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ចេញរថយន្តប្រមូលសំរាម ដែលទើបនឹងទិញថ្មីចំនួន៧០គ្រឿង រួមជាមួយ កម្លាំងសន្តិសុខ និង ប្រជាការពាររាប់សិបនាក់ ដើម្បីចេញប្រតិបត្តិការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ទាំងអស់ វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀស ការកកស្ទះសំរាម សំណល់រឹង ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងតែឱ្យ អាជ្ញាធរខណ្ឌទាំង១៤ ប្រមូលតាមខណ្ឌរៀងៗខ្លួន ៕​