តំបន់ការពារធម្មជាតិមួយចំនួននឹងរៀបចំឱ្យមានតំបន់ទេសចរណ៍

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី

មណ្ឌលគិរី ៖  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអះអាងថា តំបន់ការពារធម្មជាតិមួយចំនួននឹងរៀបចំឱ្យមានតំបន់ទេសចរណ៍ ដើម្បីបង្កើន សេដ្ឋកិច្ចមូលដ្ឋាន និងពង្រឹងប្រសិទ្ធភាពអភិរក្សធនធានធម្មជាតនិងជីវៈចម្រុះ ។
អំណះអំណាងនេះ បានធ្វើឡើង អំឡុងជួបសំណេះ សំណាលជាមួយប្រជាសហគមន៍ តំបន់ការពារធម្មជាតិ និងសហគមន៍ជនជាតិដើមភាគតិច នៅក្នុងតំបន់ដែនជម្រក សត្វព្រៃកែវសីមា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣ និងទី៤ ខែតុលា ឆ្នាំ២០២០។
ឯកឧត្តម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយប្រែក្លាយ តំបន់ការពារធម្មជាតិដែល មានសក្តានុពលទេសចរណ៍ឱ្យទៅជាតំបន់ទេសចរណ៍ ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ក៏ដូចជា ចូលរួមពង្រឹង ប្រសិទ្ធភាពអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។ ឯកឧត្តម បន្តថា ក្រសួងស្ថាប័ន ពាក់ព័ន្ធ បាននិងកំពុងជំរុញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិនៅតាមតំបន់ ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងទៀតថា គ្រាន់តែនៅក្នុងខេត្តមណ្ឌលគិរីមួយ មានតំបន់ទេសចរណ៍ធម្មជាតិ ដែលកំពុងដំណើរការជាង៣០កន្លែង រួមមានភ្នំទឹកជ្រោះ ព្រៃឈើ ,សត្វព្រៃ និងវាលស្មៅ ជាដើម។ «ខេត្តមណ្ឌលគិរីមានតំបន់ដែនជម្រកសត្វព្រៃចំនួន៥ រួមមាន ដែនជម្រកសត្វព្រៃកែវ សីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃ ភ្នំព្រេច ដែនជម្រកសត្វព្រៃលំផាត់ និងរបៀងអភិរក្សជីវៈចម្រុះឦសាន ដែលមានផ្ទៃដី សរុបទំហំជាង ១,១លានហិកតា ហើយមានតំបន់ច្រើនដែលមានសក្តានុពលអាចក្លាយ ទៅជាតំបន់ទេសចរណ៍ធម្មជាតិបន្ថែមទៀតសម្រាប់ទាក់ទាញភ្ញៀវទេសចរ។»
បើតាមការឱ្យដឹងរបស់ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅក្នុងដែនជម្រក សត្វព្រៃកែវសីមា មានទឹកធ្លាក់ធម្មជាតិ ប្រកបដោយទេសភាពដ៏ល្អស្អាតគួរជាទី ទាក់ទាញចំនួន១០ កន្លែង ដូចជាទឹកធ្លាក់លែងអង លែងឃិនជាដើម ហើយបច្ចុប្បន្ន ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដែលជាដៃគូក្នុងការងារ ការពារនិងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា បាននិងកំពុងផ្តល់ការគាំទ្រទាំងស្មារតី និង បច្ចេកទេសដល់ប្រជាសហគមន៍ដើម្បីបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ។
សហគមន៍ទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹងស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ក្នុងគម្រោងអភិរក្សសត្វស្វាកន្ទុយសនិងសត្វទោចថ្ពាល់លឿង បាននិងកំពុងទាក់ទាញ ភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរបរទេសមកទស្សនាសត្វកម្រនៅលើពិភពលោក នេះ។ ក្នុងមួយឆ្នាំ ២០១៩ កន្លងទៅ សហគមន៍ទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹង បានទទួលភ្ញៀវទេសចរប្រមាណជាង ៤៥០នាក់ បានចំណូលជាង១៧០០០ ដុល្លារអាមេរិក។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ចំណូល នេះបានធ្លាក់ទៅដល់ដៃ ប្រជាសហគមន៍។
សូមបញ្ជាក់ថា ក្រៅពីទេសភាពដ៏ល្អស្អាតនៅក្នុងតំបន់ការពារធម្មជាតិនៃខេត្តមណ្ឌលគិរី មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីជាច្រើនទៀត ដែលបាននិងកំពុងទាក់ទាញ ភ្ញៀវទេសចរ ដូចជាសហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍ផាត់សណ្ដាយខេត្ដកំពង់ធំ សហគមន៍ទឹកជប់ខ្នារពោធិ៍ខេត្តសៀមរាប, តំបន់បឹងស្នេហ៍ខេត្តព្រៃវែង និង តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី៕