ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងទៅពិនិត្យ និងព្យាបាល ព្រះរាជសុខភាព នៅប្រទេសចិន

វិទ្យុជាតិកម្ពុជា៖ លោក អ៊ូ កាណែល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ខែតុលា ឆ្នាំ២០២០ -ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យ ស្ដេចយាងចាកចេញពីកម្ពុជា តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុង ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់ប្រថាប់ ពិនិត្យនិងព្យាបាលព្រះរាជ សុខភាពមួយរយៈនៅទីនោះ។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេដល់ព្រលានយន្តហោះអន្តរ ជាតិភ្នំពេញ មានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា  សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ និងព្រះរាជវង្សានុវង្សជាច្រើនរូប។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះដែរ។

សូមបញ្ជាក់ថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេបានយាងទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យ និង ព្យាបាល ព្រះរាជសុខភាព ។ បន្ទាប់ពីគង់ប្រថាប់ពិនិត្យ និង ព្យាបាលព្រះរាជសុខភាពនៅទីនោះ មួយរយៈ  ព្រះអង្គទាំងទ្វេនឹងយាងត្រឡប់មកកាន់មាតុភូមិវិញ ។ នេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់របស់ព្រះករុណា ព្រះមហាក្សត្រ និង សម្ដេ ច  ព្រះមហាក្សត្រី រៀងរាល់៦ខែម្ដង ទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បី ពិនិត្យ-ព្យាបាល ព្រះរាជសុខភាពរបស់ព្រះអង្គ៕