បទយកការណ៍៖ រុយមួយប្រភេទកំពុងតែត្រូវបានចិញ្ចឹម ដើម្បីចូលរួមសម្អាតបរិស្ថាន និងបម្រើការចិញ្ចឹមសត្វ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ —

សត្វរុយមួយប្រភេទត្រូវបានបុរសជនជាតិខ្មែរមួយរូបកំពុងតែចិញ្ចឹមតាមរបៀបជាកសិដ្ឋានដើម្បីផ្គត់ផ្គង់ខ្សែរសង្វាក់នៃកសិដ្ឋានចិញ្ចឹមសត្វរបស់លោកនិងបងប្រុស ហើយក៏កំពុងតែលើកទឹកចិត្តដល់កសិករទូទៅចិញ្ចឹមដើម្បីធ្វើជាចំណីសត្វ និង ចូលរួមសម្អាតបរិស្ថាន ។

លោក សៅ សែនសំណាង ដែលជាអ្នកបច្ចេកទេសនៅកសិដ្ឋានចិញ្ចឹមរុយ BSF បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅកន្លែងកសិដ្ឋាននោះថា រុយមួយប្រភេទនេះវាគឺជាសត្វដែលមិនបង្កផលប៉ះពាល់ដល់ប្រព័ន្ធជីវសាស្រ្តនៅក្នុងប្រទេសឡើយ ប៉ុន្តែផ្ទុយទៅវិញវាគឺជាប្រភេទរុយដែលអាចនឹងជួយសម្អាត បរិស្ថាន ហើយក៏ជាប្រភពប្រូតេអ៊ីនសម្រាប់សត្វ សូម្បីតែមនុស្សក៏អាចទទួលទានបានដែរ គ្រាន់តែនៅពេលនេះ លោកនៅមិនទាន់ចិញ្ចឹមដើម្បីផ្គត់ផ្គង់ជាប្រភពប្រូតេអ៊ីនសម្រាប់មនុស្សនៅឡើយទេ ។

លោកបានឲ្យដឹងថា រុយមួយប្រភេទនេះគឺជាប្រភេទរុយដែលមានឈ្មោះតាមបែបវិទ្យាសាស្រ្តថា Black Soldier Fly ហៅកាត់ថា BSF ។ សត្វរុយមួយប្រភេទនេះវាអាចជួយបំបែកកាក់សំណល់អាហារ បាន១០០ ភាគរយ ហើយវាក៏ជាសត្វដែលជួយបង្កើតនូវជីសរីរាង្គ នាំឲ្យមានវដ្ឋនៃចំណីអាហារ ។ វាគឺជាប្រភេទសត្វល្អិត ដែលមានសារធាតុអូមេហ្គា៦ និង ៩ ដែលជាសារធាតុសម្រាប់ជួយសុខភាព ។ ក្រៅពីនោះវានៅមានសារធាតុសំខាន់ៗមួយចំនួនទៀត ដូចជាកាល់ស្យូម ដែលល្អសម្រាប់សុខភាពឆ្អឹង មានអាស៊ីត ឡូរិច ដែលជាសារធាតុប្រឆាំងនឹងមេរោគនិងបង្កើនប្រព័ន្ធភាពស៊ាំបានល្អ ។

លោកបានបន្តថា គំនិតផ្តួចផ្តើមដំបូងនៅក្នុងការបើកកសិដ្ឋានចិញ្ចឹមរុយនេះឡើងគឺនៅក្នុងឆ្នាំ២០០៧ ដោយ លោកបានចេញទៅសិក្សាដកស្រង់បទពិសោធន៍ទាំងនៅក្នុងស្រុកនិងនៅបរទេស ជាងមួយឆ្នាំមុនពេលដំណើរការ ។

លោកបានបញ្ជាក់ថា ជាទូទៅកសិដ្ឋាននេះទើបបើកដំណើរការចិញ្ចឹមបានប្រហែលជាជាង៤ ឆ្នាំប៉ុណ្ណោះ ។
លោកបានបន្តទៀតថា គោលគំនិតដំបូងនៅក្នុងការចិញ្ចឹមរុយនេះគឺវាបានមកពីការដំណើរការចិញ្ចឹមមាន់ និង ត្រីរបស់គ្រួសារលោកចេះតែមិនសូវចំណេញ ដូច្នេះបានជាមានការ រិះគិតអំពីប្រភពអាហារដែលបម្រើឲ្យកសិដ្ឋានចិញ្ចឹម សត្វរបស់លោក ។ មុននឹងចាប់ផ្តើមបើកកសិដ្ឋានចិញ្ចឹមរុយនេះឡើងលោកបានសាកល្បងតាំងពីការចិញ្ចឹមចង្រិតឡើង ប៉ុន្តែវាទាមទាររយៈពេលយូរ ហើយទិន្នផលនោះគឺវាតិចហើយ ស្មុគស្មាញជាងរុយ។
លោកបានបញ្ជាក់ថា “ចិញ្ចឹមចង្រិតកន្លះខែនិងចិញ្ចឹមរុយកន្លះខែ គឺចិញ្ចឹមរុយបានផលខុសគ្នាច្រើន ” ។

លោកបានបន្តទៀតថា ” បើសិនជាដាក់ពងចង្រិតមួយខាំដូចគ្នាប្រៀបជាមួយនឹងរុយនៅក្នុងរយៈពេលកន្លះខែដូចគ្នា ទិន្នផល គឺវាខុសគ្នាឆ្ងាយ ។ រុយយើងដាក់ពងកន្លះខែ មួយខាំដូចគ្នា អានេះយើងទទួលបានផលពី ១០០ ទៅ ២០០ គីឡូ ” ។

ដោយផ្អែកលើបទពិសោធន៍នេះ លោក សៅ សែនសំណាង បានលើកទឹកចិត្តឲ្យកសិករនានានៅក្នុង ប្រទេសឲ្យព្យាយាមចិញ្ចឹមរុយនេះដែរ ហើយលោកបានអះអាងថា លោកបានត្រៀមខ្លួនជាស្រេចនៅក្នុង ការចែករំលែកបទពិសោធន៍ និងពូជសម្រាប់ចិញ្ចឹម។

លោកបានបន្តថា ការចិញ្ចឹមនេះវាមិនពិបាកនោះទេ ហើយក៏មិនទាមទារដើមទុនរាប់ពាន់ដុល្លារនោះដែរ ដោយសារ វាគឺជាសត្វល្អិតមួយប្រភេទដែលត្រូវការតែ កំទិចកំទីផ្ទះបាយបន្លែផ្លែឈើ ត្រីសាច់ តែប៉ុណ្ណោះ និយាយឲ្យចំទៅគឺវាជាសត្វដែលអាចសមស្របនឹងបរិយាកាសជុំវិញផ្ទះ និង សហគមន៍របស់យើងតែម្តង។ មិនតែប៉ុណ្ណោះវាគឺជាសត្វដែលមិនរំខានដល់ជីវភាព និង សុខភាពរបស់មនុស្សឡើយ។ ការរស់នៅរបស់វាគឺមានដំណាក់កាល ។
លោកបានបញ្ជាក់ថា “នៅក្នុងកន្លែងចិញ្ចឹមប្រហែលជា២ ម៉ែត្រការ៉េ វាអាចស៊ី និងបោសសម្អាតកំទិចកំទីផ្ទះបាយ ប្រហែលជា ១៥ គីឡូនៅក្នុងមួយថ្ងៃ” ។

លោកបានបន្តថា ផលដែលទទួលបានគឺដង្កូវសម្រាប់ជាចំណីសត្វ ជីកំប៉ុស្តិ៍ ហើយនឹង កាកសំណល់នៃសត្វរុយដែលវាងាប់ គឺជាជីដ៏មានជីជាតិសម្រាប់ដំណាំកសិកម្ម ហើយមិនប៉ះពាល់ដល់សុខភាពមនុស្ស ដូចជាជីគីមីនោះទេ ។

យោងតាមឯកសារ សត្វរុយនៅលើពិភពលោកនេះមានប្រហែលជា ២ ៦០០ ប្រភេទ ហើយសត្វរុយដែលមានប្រយោជន៍គឺមានចំនួនប្រមាណជា ៣៥០ ប្រភេទ ដែលក្នុងនោះក៏មានរុយពូជ Black Soldier Flyមួយដែរ។ សត្វរុយប្រភេទនេះ មានសារធាតុចិញ្ចឹមប្រូតេអ៊ីនជាង ៤០ភាគរយ ខុសពីសត្វរុយធម្មតាដែលភ្នាក់ងារចម្លងមេរោគ ។

លោក សៅ សែនសំណាង បានបញ្ជាក់ថា ក្រៅពីយកដង្កូវទៅចិញ្ចឹមសត្វដូចជាត្រី មាន់ ទា ប្រសិនបើការចិញ្ចឹមឲ្យមានលក្ខណៈប្រសើរ និងស្អាត នោះក៏ជាប្រភពអាហារសម្រាប់មនុស្សទទួលទានបានផងដែរ ហើយនៅប្រទេសមួយចំនួនក៏បានចាប់ផ្តើមហើយ៕ ដោយ ហេង បញ្ញា រូបថត៖ ផែន រតនៈ (ផ្សាយដោយ៖ កន​ ចំណាន)