ក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិនៅប៉ុន្មានថ្ងៃខាងមុខនេះ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គររន្ទះ និង ខ្យល់កន្ត្រាក់ ជាដើម ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០​។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី៥ ខែតុលានេះ បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដានការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ បានមសង្កេតឃើញថា ប្រព័ន្ធ សម្ពាធទាប បានបន្តលាតសន្ធឹងឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅលើសមុទ្រចិនខាងត្បូង ហើយ នៅលើសមុទ្រចិនខាងត្បូងនេះ នឹងអាចកើតមានជាវិសម្ពាធទាប (Tropical Depression) ឬជាព្យុះ (Tropical Storm) សំដៅទៅភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០ ។

ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឱ្យបណ្ដាខេត្តស្ទើរទូទាំងព្រះរាជាណាចក្រកម្ពុជាក្នុងអំឡុងចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២០ នឹងអាចមានភ្លៀងនិងខ្យល់កើនឡើង។ចំពោះបណ្តារាជធានី ខេត្តនៅភាគខាងត្បូងនិង ខេត្តខាងកើត ជាប់នឹងប្រទេសវៀតណាម និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ដែលធ្វើឱ្យទីទំនាបក្បែរផ្លូវទឹក តំបន់ភ្នំ និងតំបន់ជួរភ្នំក្រវាញ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។ ជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។

ក្រសួងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹក ប្រជានេសាទ និងអ្នកធ្វើដំណើរ តាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើត មានឡើងជាយថាហេតុ ៕ ​