ក្រសួងព័ត៌មានប្រាប់ឱ្យអ្នកសារព័ត៌មានចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយតាមរយៈការគោរពវិជ្ជាជីវៈ

វិទ្យុជាតិកម្ពុជា លោកស្រី ប៉ុង សុភាវី
ភ្នំពេញ៖ ក្រសួងព័ត៌មានប្រាប់ឱ្យអ្នកសារព័ត៌មានចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាពតាមរយៈការគោរពវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ។
ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ក្រមសីលធម៌និងវិជ្ជាជីវ:សារព័ត៌មាន ក្រោមប្រធានបទ “ក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មាន” រៀបចំឡើងដោយ ក្រសួងព័ត៌មាន សហការជាមួយក្រុមហ៊ុន ឌីជីថល ស្កាយ ម៉ាល់ទីមេឌា នៅថ្ងៃទី៥ ខែតុលានេះ ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា វិស័យព័ត៌មាន គឺជាវិស័យដែលមានទម្ងន់ធ្ងន់ និងដើរតួនាទីយ៉ាងសំខាន់មួយ សម្រាប់ការការពារស្ថិរភាពសង្គម សេដ្ឋកិច្ច នយោបាយ និងសន្តិសុខសង្គម ហើយសារព័ត៌មាន គឺជាដៃគូដ៏សំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីរួមចំណែកតាមឃ្លាំមើលការអនុវត្តច្បាប់ របស់ស្ថាប័នសាធារណៈ និងធ្វើជាស្ពានចម្លងពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំពីប្រជាពលរដ្ឋ មកជូនរាជរដ្ឋាភិបាលវិញ។
ឯកឧត្តមបញ្ជាក់ថា ដោយសារតែការផលិតព័ត៌មាន មានលក្ខណៈសម្បូរបែបនេះហើយ ទើបបង្កើតអោយមាន បញ្ហាប្រឈមជាសកល ដែលកំពុងកើតមានគួរឱ្យព្រួយបារម្ភ ទាំងនៅក្នុងប្រទេសកម្ពុជានិងនៅលើសកលលោក។ នោះគឺការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានញុះញង់។ដូច្នេះ ដើម្បីចូលរួមចំណែកទប់ស្កាត់ព័ត៌មាន ក្លែងក្លាយ និងញុះញង់ទាំងអស់នេះ កន្លងមក ក្រសួងព័ត៌មានបានបង្កើតគណៈកម្មការតាមដានព័ត៌មានក្លែងក្លាយ សម្រាប់ឃ្លាំមើល និងតាមដានប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ក្រមសីលធម៌និងវិជ្ជាជីវ:សារព័ត៌មាន ក្រោមប្រធានបទ “ក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មាន”នេះ មានអ្នកសារព័ត៌មានមកពីទូទំាងប្រទេសចូលរួមប្រមាណជាង១០០ នាក់ ៕