ទស្សនៈ៖ តើជាការយកចិត្តទុកដាក់ ឬជាកាយវិការសន្សំរឿង?

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ —

កំពង់ផែដែលធំៗ នៅព្រះរាជាណាចក្រកម្ពុជាមានបីគឺ កំពង់ផែក្រុងភ្នំពេញ កំពង់ផែក្រុងព្រះសីហនុ និង កំពង់ផែរាម ដែលស្ថិតនៅមូលដ្ឋានរាម គឺជាតំបន់មួយសំបូរទៅដោយកងទ័ពជើងទឹក និងគ្រួសារកងទ័ព ។

ផែនេះគឺសំរាប់តែកប៉ាល់កងទ័ពជើងទឹកចូលចតតែប៉ុណ្ណោះ ។ ចំណែកឯកំពង់ផែអន្តរជាតិ ដ៏មានសារៈសំខាន់បំផុត សំរាប់ចរាចរទំនិញ និងអ្នកទេសចរវិញនោះគឺកំពង់ផែក្រុងភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ ។

ម្តងហើយម្តងទៀតបើទោះបីជារាជរដ្ឋាភិបាលបានពន្យល់យ៉ាងណាក៏ដោយ ក៏បរទេសខ្លះនៅតែចោទប្រកាន់ និងដាក់ការសង្ស័យ ថាកម្ពុជាបានលួចចុះហត្ថលេខាសម្ងាត់ជាមួយចិនដើម្បីប្រើប្រាស់កំពង់ផែសមុទ្ររាម សម្រាប់យោធា។

ក្រោយសន្និសីទសារព័ត៌មានច្រានចោលសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal ដែលចោទថា កម្ពុជាបើកដៃឱ្យប្រទេសចិនដាក់មូលដ្ឋានទ័ពនៅសមុទ្ររាម មន្ត្រីកម្ពុជាបានអញ្ជើញអ្នកសារព័ត៌មានក្នុងស្រុកទៅធ្វើទស្សនកិច្ចនៅមូលដ្ឋានយោធាដ៏ចំណាស់នេះ។

កាលពីសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩ ក្រុមមន្ត្រីកម្ពុជាបានបើកបង្ហាញមូលដ្ឋានកងទ័ពជើងទឹកក្នុងឆកសមុទ្ររាម នៃខេត្តព្រះសីហនុ ដើម្បីបញ្ចប់ការចោទប្រកាន់ដែលថាខ្លួនបានធ្វើកិច្ចសន្យាបើកដៃឱ្យចិនបោះទីតាំងយោធាក្នុងតំបន់សមុទ្រនេះ។ អ្នកសារព័ត៌មានក្នុងស្រុកជិត៦០នាក់បានចូលរួមក្នុងដំណើរពីរាជធានីភ្នំពេញ ដើម្បីធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹក ជាអ្វីដែលមន្ត្រីរដ្ឋាភិបាលកម្ពុជាហៅថាជា «ការបង្ហាញការពិត» ដើម្បីបញ្ចប់ព័ត៌មានក្លែងក្លាយប្រឆាំងនឹងរដ្ឋាភិបាលផងខ្លួន។ ក្រុមមន្ត្រី នៃក្រសួងការពារជាតិ និងទីស្តីការគណៈរដ្ឋមន្ត្រីដែលដឹកនាំក្រុមអ្នកសារព័ត៌មាន បានបង្ហាញអគារ និងសម្ភារសឹកមួយចំនួនក្នុងមូលដ្ឋានទ័ព។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិដែលដឹកនាំក្រុមអ្នកសារព័ត៌មានទស្សនកិច្ចនៅថ្ងៃសុក្រនេះ បញ្ជាក់ថា៖ «ឥឡូវកាលមកឃើញនេះវាច្បាស់ជាងនិយាយ យើងនិយាយ១០០ដងមិនស្មើយើងមើលឃើញមួយដងទេ។ អ្វីដែលយើងចង់ឃើញចង់បាន លោក អ៊ុក សីហា គាត់នឹងនាំទៅ។ អត់មានអីលាក់លៀមទេព្រោះថ្វីត្បិត ទីនេះគឺជាតំបន់យោធាការពារដោយយោធាមែន ប៉ុន្តែយើងអត់មានអីលាក់លៀមដែរ ទោះយើងចង់លាក់ក៏មិនជិតដែរ ព្រោះសម័យឥឡូវមានផ្កាយរណប មានស្អីៗច្រើនណាស់! តែឥឡូវមកមើលជាក់ស្តែង»។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបន្តថា មិនមានអគារណាមួយក្នុងមូលដ្ឋានទ័ពសមុទ្ររាម ដែលមានទំហំ ប្រមាណ១០០ហិកតាជាប់សមុទ្រនេះ ត្រូវបានសាងសង់ឬគ្រប់គ្រងដោយយោធាបរទេសនោះទេ។ លោកបន្តថា កម្ពុជាមិនដែលច្រានចោលជំនួយពីអាមេរិក ហើយក្រសោបយកចិនតែមួយនោះដែរ។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយដំណើរទស្សនកិច្ចថា កម្ពុជាគឺព្យាយាមរក្សាសុខសន្តិភាព ហើយលោកសង្ឃឹមថា ការបើកបង្ហាញនៅថ្ងៃនេះនឹងអាចបំបាត់ព័ត៌មាន ដែលឯកឧត្តមហៅថាជាព័ត៌មាន “ក្លែងក្លាយ” បាន។
«កម្ពុជាពេលនេះ ឆ្លៀតឱកាសបង្ហាញនូវអ្វីទៅដែលហៅថាជាតម្លាភាព ហើយកម្ពុជាទទួលខុសត្រូវទាំងស្រុងនូវគណនីយភាព យើងមិនធ្វើឱ្យមានការបែកបាក់ក្នុងសង្គមរបស់អាស៊ាននោះទេ។
ខ្ញុំជឿជាក់ថា ឱកាសដែលយើងមកនេះគឺយើងបានសម្លាប់នូវ Fake News នឹងជាក់ស្តែងនៅនឹងកន្លែង។ ហើយខ្ញុំសូមជំរាបជូនបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ សុំបន្តបញ្ចប់នូវអ្វីដែលប៉ះពាល់ដល់»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាច្រើនលើកហើយអំពីបញ្ហានេះយ៉ាងដូច្នេះថា៖
“យើងមិនបានអនុញ្ញាត ហើយក៏នឹងមិនអនុញ្ញាត ឱ្យកងទ័ពបរទេសណាមួយប្រើប្រាស់មូលដ្ឋានយោធារបស់កម្ពុជាផ្តាច់មុខនោះឡើយ។

កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ សម្តេចតេជោបានមានប្រសាសន៍ថា៖ «កម្ពុជាជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព។ កម្ពុជាមិនចូលរួមជាមួយអ្នកនេះប្រឆាំងជាមួយអ្នកនោះ និងមិនអនុញ្ញាតឱ្យមានទីតាំងយោធាបរទេសនៅលើទឹកដីរបស់ខ្លួន»។

ក្នុងឱកាសនោះសម្តេចតេជោ បានសង្កត់ធ្ងន់ថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានការផ្ញើសារពីឯកអគ្គរដ្ឋទូតបរទេសមួយដែលលោកស្នើសុំមិនបង្ហាញឈ្មោះថាកម្ពុជា «បានអនុញ្ញាតឱ្យកំពង់ផែយោធារាមទៅឱ្យចិនប្រើប្រាស់ផ្តាច់មុខ» ក៏ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ថ្លែងថាកំពង់ផែសមុទ្ររាមរបស់កម្ពុជាគឺសម្រាប់ «មិត្តភក្តិបរទេសទាំងឡាយ»។ «មូលដ្ឋានជើងទឹករាមនឹងទទួលស្វាគមន៍គ្រប់ប្រទេសទាំងអស់ដែលមានបំណងចូលនាវាចម្បាំងរបស់ខ្លួនមកសុំចតឈប់សម្រាក ឬក៏ចូលរួមធ្វើសមយុទ្ធជាមួយកម្ពុជា។ យើងមិនមែនធ្វើតែជាមួយចិនទេ។ អាមេរិកចង់ធ្វើ ក៏សូមអញ្ជើញ!»។

បើយើងមើលរដ្ឋធមនុញរបស់ព្រះរាជណាចក្រកម្ពុជា មាត្រា ៥៣ ………… ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។
សរុបសេចក្តីមក យើងចោទជាសំណួរថា តើការលើកឡើងអំពីកំពង់ផែសមុទ្ររាម ជាចេតនា ល្អ ឬជាចេតនាសន្សំរឿង?

ដោយ ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន