មនុស្ស៣នាក់ស្លាប់ និង២៤នាក់ទៀតរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ មនុស្ស៣នាក់បានស្លាប់ និង២៤នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២០ ។គ្រោះថ្នាក់ទាំងនេះ ភាគច្រើនដោយសារបើកបរលើសល្បឿនកំណត់ និងមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែតុលា នៅកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ចំនួន១៣លើក បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន៣នាក់ និងរបួសចំនួន២៤នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១៥នាក់ និងរបួសស្រាលចំនួន៩នាក់  ។

ប្រភពដដែលបានបញ្ជាក់ទៀតថា មូលហេតុដែលនាំឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺបណ្ដាលមកពីបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ និងបត់មិនប្រយ័ត្នជាដើម ។ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បានបណ្ដាលឱ្យខូចខាត ម៉ូតូចំនួន ១៤គ្រឿង រថយន្តធុនតូច ៩គ្រឿង រថយន្តធុនធំ ២គ្រឿង និងថ្មើរជើង ម្នាក់។

ជុំវិញបញ្ហានេះ សមត្ថកិច្ចនគរបាល បានបន្តក្រើនរំលឹកប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយត្រូវបើកបរប្រកាន់ស្តាំ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសភ្លើង សញ្ញាចរាចរណ៍ កុំបើកបរបញ្ច្រាស់ទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ហើយត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពពេលបើកបររថយន្ត និង ពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមម៉ូតូ  ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕