ប្រទេសម៉ាឡេស៊ីបើកកិច្ចប្រជុំជាបន្ទាន់ជុំវិញការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០​ — ទីភ្នាក់ងារសារព័ត៌មានជាតិ Bernama បានរាយការណ៍ថា ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេស     ម៉ាឡេស៊ីបានកោះប្រជុំពិសេសមួយកាលពីថ្ងៃទី៣ ខែតុលា បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅប្រទេសនេះបានឈានដល់កម្រិតខ្ពស់បំផុត។

បន្ទាប់ពីកិច្ចប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានបញ្ចប់ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Ismail Sabri Yaakob បាននិយាយថា រដ្ឋាភិបាលនឹងមិនដាក់ចេញឡើងវិញនូវបទបញ្ជាគ្រប់គ្រងការធ្វើដំណើរ (MCO) នៅទូទាំងប្រទេសដើម្បីការពារការរីករាលដាលនៃជំងឺនេះទេ។

លោកបាននិយាយថា ករណីឆ្លងនេះភាគច្រើនពាក់ព័ន្ធនឹងអ្នកទោសនៅពន្ធនាគារ Kedah និង Sabah ដែលអាចត្រូវបានពិចារណាក្នុងការដាក់ឱ្យដាច់តែឯង។

មន្ត្រីរូបនោះបាននិយាយបន្ថែមថា រដ្ឋាភិបាលនឹងមិនអនុវត្តការហាមឃាត់ការធ្វើដំណើរអន្តររដ្ឋ ឬអន្តរស្រុកទូទាំងប្រទេសទៀតទេ ព្រោះចំនួនករណីវិជ្ជមាននៅក្នុងរដ្ឋជាច្រើននៅតែមានកម្រិតទាប និងស្ថិតក្រោមការគ្រប់គ្រងបាន។

កាលពីថ្ងៃទី២ ខែតុលា ប្រទេសម៉ាឡេស៊ីបានកត់ត្រានូវការឆ្លងជំងឺកូវីដ-១៩ ចំនួន ២៨៧ករណី ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃ ដែលមិនធ្លាប់មានចាប់តាំងពីការរាតត្បាតនៅក្នុងប្រទេសនេះ។

នៅថ្ងៃទី៣ ខែតុលា ក្រសួងសុខាភិបាលនៃប្រទេសហ្វីលីពីនក៏បានរាយការណ៍ផងដែរថា មានការឆ្លងថ្មីចំនួន ២.៦៧៤ករណីដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល ៥ថ្ងៃកន្លងមក និងមានអ្នកស្លាប់បន្ថែមចំនួន ៦២នាក់។ ក្រសួងនេះបាននិយាយថា ករណីដែលបានបញ្ជាក់សរុបនៅក្នុងប្រទេសបានកើនឡើងដល់ ៣១៩.៣៣០ករណី ដែលជាចំនួនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ខណៈដែលអ្នកស្លាប់បានកើនឡើងដល់ ៥.៦៧៨ករណី។

ទន្ទឹមនឹងនេះដែរ ប្រទេសសិង្ហបុរីបានបង្ហាញនូវករណីឆ្លងថ្មីចំនួន ៦ករណី ដែលជាតួលេខប្រចាំថ្ងៃទាបបំផុតចាប់តាំងពីថ្ងៃទី ១០ ខែមីនាមក។ ករណីថ្មីមួយ គឺជាការឆ្លងក្នុងសហគមន៍ និង ៤ករណីទៀតជាករណីនាំចូល។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចំនួនករណីឆ្លងថ្មីនៅក្នុងប្រទេសនេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)