ប្រទេសឥណ្ឌូណេស៊ីចំណាយអស់ ៤៤ភាគរយនៃថវិកាសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០​ — រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចំណាយថវិកាចំនួន ៣០៤,៦ទ្រីលានរូពៀ (២០,៥ប៊ីលានដុល្លារអាម៉េរិក) ឬស្មើនឹង ៤៣,៨ភាគរយនៃថវិកាស្តារសេដ្ឋកិច្ចជាតិឡើងវិញ (PEN) ដែលមានចំនួន ៦៩៥ទ្រីលានរូពៀ ទៅលើការចំណាយសុទ្ធសម្រាប់សុវត្ថិភាពសង្គមដែលមានការកើនឡើង ប៉ុន្តែការចំណាយទៅលើ         វិស័យសុខាភិបាលនៅតែបន្តធ្លាក់ចុះ។

ប្រធានគណៈកម្មាធិការ PEN លោក Budi Gunadi Sadikin បាននិយាយថា រដ្ឋាភិបាលបានចំណាយថវិកាចំនួន ១៥០,៨ទ្រីលានរូពៀ ឬស្មើនឹង ៧៤ភាគរយនៃថវិកាដុលសម្រាប់សុវត្ថិភាពសង្គម ដោយសង្ឃឹមចំពោះការកាត់បន្ថយភាពតក់ស្លុតនៃតម្រូវការដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងជួយប្រជាជនដែលកំពុងស្ថិតក្នុងភាពពិបាកនៅពេលមានវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះ។

សម្រាប់ការថែទាំសុខភាព រដ្ឋាភិបាលបានចំណាយថវិកាចំនួន ២១,៧៩ទ្រីលានរូពៀ ឬប្រមាណ ២៥ភាគរយនៃថវិកាដែលបានផ្តល់នៅក្នុងកញ្ចប់ជំនួយសង្គ្រោះសម្រាប់ជំងឺកូវីដ-១៩ ដោយភាគច្រើនផ្តោតទៅលើការលើកទឹកចិត្តដល់បុគ្គលិកពេទ្យ សំណងមរណភាព ការចំណាយទៅលើការព្យាបាលជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យ និងកន្លែងថែទាំសុខភាព ក៏ដូចជាធានារ៉ាប់រងសុខភាពជាតិ (JKN) និងការលើកទឹកចិត្តពន្ធក្នុងវិស័យថែទាំសុខភាពជាដើម។

យោងតាមអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក Suahasil Nazara បានឱ្យដឹងថា រដ្ឋាភិ-     បាលនៅតែផ្តល់អាទិភាពដល់ការផ្តល់កញ្ចប់ជំនួយសង្គ្រោះសម្រាប់ជំងឺកូវីដ-១៩ ដដែល ខណៈដែលមូល     និធិសម្រាប់វ៉ាក់សាំងជំងឺកូវីដ-១៩ នៅមានសម្រាប់ប្រើប្រាស់នៅឡើយ។

ក្រុមសេដ្ឋវិទូឥណ្ឌូណេស៊ីបាននិយាយថា ការផ្តល់កញ្ចប់ជំនួយសង្គ្រោះសម្រាប់ជំងឺកូវីដ-១៩​ នេះ គឺមានកម្រិតទាបនៅឡើយ បើទោះបីជាមានផលប៉ះពាល់ធំធេងក៏ដោយ។ វាគួរតែឈានដល់ប្រមាណ ៧០ភាគរយនៅត្រឹមខែកញ្ញា។

ពួកគេបានកត់សម្គាល់ថា ការភ័យខ្លាចរបស់រដ្ឋាភិបាលក្នុងការគិតខុសទៅលើកញ្ចប់ជំនួយនេះ ដូច្នេះហើយការធ្វើឱ្យមានលក្ខណៈព្រហ្មទណ្ឌ ឬនយោបាយ គឺជាឧបសគ្គធំក្នុងការផ្តល់ជំនួយដល់ប្រជាជន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)