រដ្ឋបាលរាជធានីភ្នំពេញត្រៀមឆ្លើយតបករណីសង្គ្រោះពាក់ព័ន្ធនឹងជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញណែនាំឱ្យអាជ្ញាធរមូលដ្ឋាន បន្តសហការជាមួយក្រសួងស្ថាប័នជំនាញ ដើម្បីត្រៀមបង្ការនិងឆ្លើយតបករណីសង្គ្រោះបន្ទាន់គ្រប់ស្ថានភាពពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ខណៈជំងឺនេះនៅតែជាក្តីកង្វល់របស់ពិភពលោកនៅឡើយ។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ដល់អាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៥ ខែតុលានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា កម្ពុជា នៅតែអាចប្រឈមទៅនឹងជំងឺនេះនៅឡើយ ដោយមានផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ។

ឯកឧត្តមបន្តថា ដើម្បីបន្តប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញបានបង្កើន សមត្ថភាពសម្របសម្រួល និងបណ្តុះបណ្តាលមន្ត្រីបង្គោលក្នុងមូលដ្ឋាន និងពិនិត្យវាយតម្លៃតំបន់ដែលមានហានិភ័យខ្ពស់ ផ្តល់នូវសម្ភារបរិក្ខារចាំបាច់ជូនដល់អាជ្ញាធរមូលដ្ឋាន និងក្រុមគោលដៅគ្រប់គ្រងដោះស្រាយបញ្ហាជំងឺកូវីដ១៩ឱ្យបានទាន់ពេលវេលា។

បច្ចុប្បន្នជំងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតនៅក្នុងបណ្តាប្រទេសជាង ២១០ នៅ ទូទាំងពិភពលោក ហើយបញ្ហានេះត្រូវបានអង្គការសុខភាពពិភពលោក ប្រកាសថា នេះជាជំងឺរាតត្បាតសកល និងជាក្តីកង្វល់ថ្មីរបស់មនុស្សជាតិគ្រប់ជាតិសាសន៍ ដែលចាំបាច់ត្រូវរួមគ្នាចាត់វិធានការបង្ការ ទប់ស្កាត់ និងផ្តល់ការសង្គ្រោះ ឱ្យបានទាន់ពេលវេលា។ គិតត្រឹមថ្ងៃទី៥ ខែតុលា កម្ពុជារកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៨០ នាក់ ព្យាបាលជាសះស្បើយចំនួន ២៧៥នាក់ អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន០៥នាក់ និងគ្មានអ្នកស្លាប់នោះទេ ៕