ក្រសួងអប់រំបន្តលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា តាមរយៈពង្រឹងសមត្ថភាព គ្រូបង្រៀន

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ


ឯកឧត្តម បណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា ក្រសួងនឹងបន្តបណ្តុះបណ្តាលគ្រូ ដើម្បីរៀបចំនិងតម្រង់ទិសគ្រូបង្រៀន ឱ្យឆ្លើយតបទៅនឹងយុគសម័យឌីជីថល។
ក្នុងទិវាគ្រូបង្រៀន៥ តុលាឆ្នាំ២០២០នេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ថា ក្រសួងនឹងខិតខំអភិវឌ្ឍមជ្ឈមណ្ឌលគរុកោសល្យទាំង៤នៅខេត្តកណ្តាល ព្រៃវែង កំពង់ចាម និងសៀមរាប , បង្កើនគុណវុឌ្ឍិគ្រូបង្រៀនឱ្យដល់កម្រិតបរិញ្ញាបត្រ , រៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូឱ្យមានលក្ខណៈជាក់ស្តែងរយៈពេលខ្លី និងតម្រង់ ទិសឆ្ពោះទៅសាលារៀន , បើកច្រកការអប់រំគ្រូដោយរៀបចំកម្មវិធីបណ្តុះបណ្តាល ដែលមានតុល្យភាពរវាងការចូលរួមរបស់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូនិងសាលារៀន , ផ្សាភ្ជាប់ការបណ្តុះបណ្តាលគ្រូជាមួយនឹងកម្មវិធីវិក្រឹតការគ្រូ ទៅតាមដំណាក់កាល ផ្សេងៗនៃអាជីពជាគ្រូបង្រៀន , កាត់បន្ថយគម្លាតក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូរវាង មុខវិជ្ជាឯកទេសនិងវិធីសាស្រ្តបង្រៀន និងរវាងការស្រាវជ្រាវនិងការបង្រៀន ព្រមទាំង រវាងវិទ្យាស្ថាន-គរុកោសល្យនិងសាលារៀន ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងនឹងរៀបចំកម្មវិធីគាំទ្រគ្រូចេញថ្មី ដើម្បីជួយដល់ គរុសិស្ស ក្នុងការចាប់យកអាជីពបង្រៀននិងបង្កើតទំនាក់ទំនងរវាងគ្រូចុះកម្មសិក្សានិង សាលារៀន ព្រមទាំងរៀបចំកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដើម្បីជួយដល់គ្រូក្នុងការ បំពេញតម្រូវការជាក់ស្តែងក្នុងការបង្រៀននិងជួយគ្រូឱ្យរៀនបន្ត៕