ព្រះមហាក្សត្រកោតសរសើររដ្ឋសភា និងរាជរដ្ឋាភិបាលដែលបានដឹកនាំប្រទេសជាតិប្រកបដោយការរីកចម្រើន និងសន្តិភាព

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត


ភ្នំពេញ៖ ព្រះករុណាព្រះបរមនាថ នរោត្តម សីហព្រះមហាក្សត្រកម្ពុជាបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋសភា និង រាជរដ្ឋាភិបាលដែលបានដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន និងមានសន្តិភាពដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកដោយសុខដុមរមនា។
យោងតាមព្រះរាជសាររបស់ព្រះករុណាព្រះបរមនាថ នរោត្តម សីហព្រះមហាក្សត្រកម្ពុជាក្នុងឱកាសការបើកបវេសនកាល នៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី០៥ នីតិកាលទី០៦ ដែលវិទ្យុជាតិកម្ពុជាទទួលបានព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យ កោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភាទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នានា ដែលច្បាប់ទាំងនេះបានគ្របដណ្តប់លើវិស័យសំខាន់ៗ ដែលដឹកនាំដោយរាជរដ្ឋាភិបាល ក៏ដូចជាការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ។ ក្នុងនោះដែរព្រះករុណា ព្រះមហាក្សត្រ ក៏បានកោតសរសើរយ៉ាងក្រៃលែង ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមគ្គទេសក៍ដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ ប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិ ឯករាជ្យ និងអធិបតេយ្យភាពជាតិ ដោយទទួលបានសមិទ្ធផលល្អៗជាច្រើន ជូនដល់ប្រជាពលរដ្ឋបានរស់នៅប្រកបដោយសេចក្តីសុខ សន្តិភាព និងសុខដុមរមនា។
ក្នុងព្រះរាជសារថា ព្រះអង្គក៏បានមានបន្ទូលថា “ក្នុងអំឡុងពេលដែលពិភពលោកទាំងមូលកំពុងអូសបន្លាយការរងគ្រោះនៃជំងឺរាតត្បាត កូវីដ-១៩ គួរឱ្យព្រួយបារម្ភ ដែលមិនមានសញ្ញាណថមថយនៅឡើយ ព្រះអង្គស្នើសុំឱ្យជនរួមជាតិ ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវវិធានថែសុខភាពទាំងឡាយ ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាយើង ចៀសវាងឱ្យបានអំពីការឆ្លងរាលដាលក្នុងសហគមន៍”។
ព្រះរាជសារ ក៏បានបញ្ជាក់ពីសេចក្តីសោមនស្សរីករាយ របស់ ព្រះករុណាព្រះមហាក្សត្រ ក្នុងការចូលរួមអបអរសាទរ ពិធីបើកបវេសនកាលរដ្ឋសភា ដែលប្រារព្ធឡើងក្នុងសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នេះ និងបន្ថែមថា សេចក្តីថ្លែងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភាដែលបានអនុម័ត គឺជាមាគ៌ាដ៏សំខាន់ចាំបាច់សម្រាប់ស្ថាប័ន នីតិប្រតិបត្តិ និងស្ថាប័នតុលាការ ប្រើប្រាស់ជាឧត្តមប្រយោជន៍ក្នុងសកម្មភាព នៃការអនុវត្ត តួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅតាមសភាពជាក់ស្តែង និងសកលភាវូបនីយកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តលើកិច្ចគាំពារសុខុមាលភាពសង្គម កំពុងត្រូវបានលើកស្ទួយយ៉ាងសកម្មគួរឱ្យកត់សម្គាល់ ដោយបានបង្កើតឱ្យមានកម្មវិធីជំនួយសង្គមជាច្រើន សំដៅផ្តល់ជូនប្រជាពលរដ្ឋ នូវអត្ថប្រយោជន៍ប្រកបដោយភាពសមធម៌ និងប្រសិទ្ធភាព។
ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវ ទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះទសបារមី ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ ក្នុងលោក សូមតាមបីបាច់ថែរក្សា សម្តេច ឯកឧត្តម លោកជំទាវ និងជនរួមជាតិទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕