ក្រសួងបរិស្ថានចុះដកបង្គោលដែលលួចបោះទន្ទ្រានយកដី នៅតំបន់ ដែនជម្រកសត្វព្រៃកែវសីមា

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៥ ១០ ២០២០

MC: ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្ត និងកម្លាំងជំនាញពាក់ព័ន្ធបាន ចុះដកបង្គោលដែលជនខិលខូចលួចបោះទន្ទ្រានយកដីនៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិសាស្ត្រភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានព្រមានដល់ជនល្មើស ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទន្ទ្រានយកដីនៅតំបន់ដែនជម្រកសត្វព្រៃដោយខុសច្បាប់ ខណៈក្រសួងកំពុងធ្វើការស៊ើបអង្កេតស្វែងរកជនដែលលួចបោះបង្គោលទន្ទ្រាន យកដីរដ្ឋដោយខុសច្បាប់នេះ។
ថ្លែងក្នុងឱកាសចុះដកបង្គោលដាំទន្ទ្រានយកដីនៅតំបន់ ដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី៥ខែតុលា ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងបរិស្ថាននឹង អនុវត្តច្បាប់ដោយមិនលើកលែងចំពោះជនទាំងឡាយណា ដែលបំពានលើដីព្រៃ នៅតំបន់ការពារធម្មជាតិនោះឡើយ។
ឯកឧត្តម រដ្ឋលេខាធិការ មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានបង្កើនផ្ទៃដីតំបន់ ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន សម្រាប់បំរើផលប្រយោជន៍រួមរបស់មនុស្សជាតិ ។
តំបន់ការពារធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរី មានចំនួន៦កន្លែង មានផ្ទៃដីសរុប ប្រមាណ១លានហិកតា ដែលក្នុងនោះរួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រក សត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំព្រេច និងរបៀងអភិរក្សជីវៈចម្រុះឦសាន។
ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងការគ្រប់គ្រងអភិរក្សតំបន់ការពារ ធម្មជាតិទាំងនេះ មន្ទីរបរិស្ថាន មានមន្ត្រីឧទ្យានុរក្សសរុបចំនួន១០៤នាក់ ដែលចំនួននេះនៅមិនទាន់ឆ្លើយតបនៅឡើយជាមួយទំហំដីដែលត្រូវអភិរក្ស និងការពារ។
របាយការណ៍របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ន មន្ត្រីឧទ្យានុរក្សនៃក្រសួង បរិស្ថានចំនួន១.២០០ នាក់បាននិងកំពុងបំពេញតួនាទីជាឆ្មាំព្រៃការពារ និងអភរិក្ស ធនធានធម្មជាតិ និងបានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយ ការទទួលខុសត្រូវខ្ពស់ នៅតាមបណ្តាតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។
គិតមកទល់បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិ និង របៀងអភិរក្សជីវៈចម្រុះ សរុបចំនួន៦៦កន្លែង ដែលក្នុងនោះមានឧទ្យានជាតិដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ការពារទេសភាព និងតំបន់រ៉ាមសារ ក្នុងផ្ទៃដីសរុប ៧,៣លានហិកតា ស្មើប្រមាណ៤១ភាគរយ នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា៕