សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ កុំឲ្យឆ្លងជំងឺកូវីដ១៩ ដែលសូម្បីតែប្រធានាធិបតីអាម៉េរិក ក៏ឆ្លងជំងឺនេះដែរ

APP ភ្នំពេញ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០–
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារអំពាវនាវ ដល់ ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំឲ្យឆ្លងជំងឺកូវីដ១៩។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាព្រឹកនេះ សម្តេចតេជោ បានលើកឡើងថា «ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងវាយលុកនៅទូទាំងពិភពលក គឺបានផ្លាស់ប្តូរនូវទម្លាប់រស់នៅ ទម្លាប់ធ្វើការងារ និងទម្លាប់ប្រាស្រ័យទំនាក់ទំនងគ្នាដែលយើងមិនធ្លាប់មានពីមុនដូចជាការពាក់ម៉ាស់ និងនៅឆ្ងាយគម្លាតដាច់ពីគ្នាជាដើម…»។​

សម្តេចបានបន្តទៀតថា «ដោយសារជំងឺកូវីដ-១៩ ពុំទាន់មានថ្នាំព្យាបាល ហើយឆ្លងរីករាលដាលលឿន សូម្បីតែប្រធានាធិបតីអាមេរិកក៏មានឆ្លងជំងឺនេះដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល នឹងពាក់ម៉ាសទៅតាមស្ថានភាពនឹងតម្រូវការចាំបាច់ជាក់ស្តែង។ សូមកុំមើលស្រាលនឹងធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ អោយសោះ»។

ជាមួយគ្នានោះ សម្តេចជោ ហ៊ុន សែន បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ ធ្វើដំណើរមានសុវត្ថិភាព និងបានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅក្នុងថ្ងៃចុងសប្តាហ៍៕ ដោយ៖ កន ចំណាន