ក្រសួងព័ត៌មានបង្កើតកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី ៧ ដើម្បីបង្កើនសមត្ថភាព សិស្ស និស្សិត លើជំនាញវិស្វកម្ម រ៉ូបូតនិងស្វ័យប្រវតិ្តកម្ម


វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

ក្រសួងព័ត៌មានបានបង្កើតកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី ៧ ដើម្បីបណ្តុះគំនិត បង្កើនសមត្ថភាពបញ្ញា ក្នុងការអភិវឌ្ឍការយល់ដឹងលើជំនាញវិស្វកម្មរ៉ូបូតនិងស្វ័យប្រវតិ្តកម្ម ជូនដល់សិស្ស និស្សិតនៅកម្ពុជា។
កម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី ៧ នៅកម្ពុជានេះ បានរៀបចំឡើងដោយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សហការជាមួយ សាកលវិទ្យាល័យ និង វិទ្យាស្ថានបច្ចេកទេសនៅកម្ពុជា និងបណ្តាក្រុមហ៊ុនឯកជនមួយចំនួន នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នាសាលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន,ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា និង ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាបានបញ្ចាក់ថា ការប្រកួតប្រជែងរ៉ូបូតលើកទី ៧ នៅកម្ពុជានេះ ក៏មានការផ្សាយ បន្តផ្ទាល់ តាមរយៈទូរទស្សន៍ជាតិកម្ពុជា ហើយការរៀបចំកម្មវិធីនេះឡើង គឺក្នុងបំណងជំរុញលើកទឹកចិត្ត និងបង្កើតឱកាស ដល់ និស្សិត ដែលកំពុងសិក្សានៅតាម សាកលវិទ្យាល័យ និងវិទ្យាស្ថាន ចាប់យកនូវវិជ្ជាជីវៈឲ្យចំទិសដៅដែលខ្លួនពេញចិត្ត ដើម្បីលើកកម្ពស់ការ អភិវឌ្ឍប្រទេសជាតិយើង លើវិស័យបច្ចេកវិទ្យាប្រព័ន្ធស្វ័យប្រវត្តិកម្ម ។
ឯកឧត្តម បានលើកឡើងដែរថា សម្រាប់ឆ្នាំ២០២០ នេះសង្កេតឃើញថា មានការចាប់អារម្មណ៍ជាបន្តបន្ទាប់ ពីសំណាក់និស្សិតផ្ទាល់ ក្នុងការបង្ហាញសមត្ថភាពលើវិស័យរ៉ូបូតនេះ ដោយចំនួនក្រុមមានការកើនឡើងមួយក្រុម និងនិស្សិតស្រី ក៏មានការកើនឡើងដែរ ទោះបី ជាការផលិតរ៉ូបូត ប្រព្រឹត្តទៅតាមស្តង់ដារអន្តរជាតិ ដែលមានភាពស្មុគស្មាញច្រើន ហើយក្នុងមួយក្រុម ត្រូវមានរ៉ូបូត ចំនួន២ ដែលត្រូវចំណាយពេលវេលា និងថវិកា ក្នុងការផលិតអស់ច្រើនក៏ដោយ។
ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន បានថ្លែង អំណរគុណដល់ទូរទស្សន៍ជាតិកម្ពុជានៃក្រសួងព័ត៌មាន ដែលបានរៀបចំកម្មវិធីប្រកួតប្រជែងរ៉ូបូត ឆ្នាំ ២០២០ នេះឡើង ហើយក៏អរគុណចំពោះនិស្សិតទាំងអស់ និងអ្នកស្មគ្រ័ចិត្ត រួមទាំងអ្នកឧបត្តមកម្មវិធីផង ។ តាមរយៈការប្រកួតនេះ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងអប់រំ បានពិនិត្យឃើញថា និស្សិតទាំងអស់ ដែលបានធ្វើការប្រកួតប្រជែង មានការខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ហើយសម្រាប់អ្នកចាញ់កុំមានការបាក់ទឹកចិត្ត​​ ដោយត្រូវបន្តបង្កើន សមត្ថភាពរបស់ខ្លួនបន្ថែមទៀត។ ការប្រកួតនេះ បានបង្ហាញពីការធ្វើការងារជាក្រុម មានគំនិតឆ្នៃប្រឌិត បង្ហាញពីការគិតពិចារណា មានបំណិនក្នុងការដោះស្រាយបញ្ហា ការងារបច្ចេកទេស និងចេះយកទ្រឹស្តីមកធ្វើការអនុវត្ត។ ហើយសម្រាប់ក្រុមដែលឈ្នះ គឺត្រូវត្រួតពិនិត្យខ្លួនឯង និង ប្រឹងប្រែងក្នុងការហ្វឹកហាត់។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងការអរគុណចំពោះការចូលរួមគាំទ្រ របស់ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងអប់រំយុវជននិងកីឡា ក៏ដូចបណ្តា ក្រសួង ស្ថាប័នមួយចំនួន សម្រាប់ដំណើរការកម្មវិធីប្រកួតប្រជែងរ៉ូបូត ឆ្នាំ ២០២០ និងការចូលទស្សនា ព្រមទាំងគាំទ្រជានិច្ចពី សំណាក់ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ។ ជាមួយនេះ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានអរគុណចំពោះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានផ្តល់ទីកន្លែងសម្រាប់រៀបចំការប្រកួត ក៏ដូចជាអរគុណចំពោះ សិស្សនិស្សិត ក្រុមការងារទាំងអស់ ដែលបានចូលរួមគាំទ្រ និងរៀបចំកម្មវិធីនេះ អោយប្រព្រឹត្តទៅបានយ៉ាងល្អ និងទទួលបានជោគជ័យ សម្រាប់ជាជំហានបន្ត នៅឆ្នាំខាងមុខទៀត។
សូមបញ្ជាក់ថា ជ័យលាភីលេខ១ បានទៅលើក្រុម NPIC02 ដែលមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហើយក្រុមនេះ នឹងតំណាងឱ្យកម្ពុជា ចេញទៅប្រកួតប្រជែង ដើម្បីដណ្តើមយកពានរង្វាន់ ABU Robocon Festival 2020 កម្រិតអន្តរជាតិ នាចុង ឆ្នាំ២០២០ ខាងមុខនេះ៕