កម្ពុជា បង្កើន វិធានការទប់ស្កាត់ ការឆ្លង ជំងឺកូវីដ-១៩ពីអ្នកធ្វើដំណើរមកពីក្រៅប្រទេស

វិទ្យុជាតិកម្ពុជា ៖លោក ជួន បូណា

ភ្នំពេេញ៖រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនវិធានការទប់ស្កាត់ការឆ្លងជំងឺ កូវីដ-១៩ពីអ្នកធ្វើដំណើរមកពីក្រៅប្រទេស បន្ទាប់ពីមានប្រទេសមួយចំនួនបើកជើងហោះហើរជាបណ្ដើរៗឡើងវិញ ដើម្បីធ្វើចរាចរណ៍ទៅវិញទៅមក ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្រសួងសុខាភិបាលបានតាមដាន និងធ្វើតេស្ដរកជំងឺកូវីដ-១៩ ចំពោះអ្នកដំណើរទាំងឡាយ ដែលបានចូលមកប្រទេសកម្ពុជាឱ្យបានតឹងរឹងបំផុត។ការពង្រឹងវិធានការនេះ ត្រូវបានអនុវត្តន៍ ដើម្បីបង្ការ ការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលអាចមាននៅលើអ្នកធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយ កុំឱ្យចម្លងទៅបុគ្គលផ្សេងទៀតនិងជៀសវាងការរាតត្បាតចូលដល់សហគមន៍ផង។

លោកជំទាវ បន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានគ្រប់គ្រង ការឆ្លងជំងឺកូវីដ-១៩យ៉ាងមានប្រសិទ្ធភាពនិងមានភាពល្អប្រសើរ។ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាល នៅតែបង្កើនការទប់ស្កាត់ និងអំពាវនាវដល់ប្រជាពលរដ្ឋបន្ដការពារ និង ប្រុងប្រយ័ត្នខ្ពស់ ចំពោះ ជំងឺកូវីដ-១៩ ខណៈ ដែលនៅលើពិភពលោក កំពុងមានការផ្ទុះឡើងវិញពីជំងឺដ៏កាចសាហាវមួយនេះ៕​