ក្រសួងបរិស្ថាន និងរដ្ឋបាលក្រុងសួង សហការដាំប្រភេទឈើប្រណិតដើម្បីបង្កើនភាពបៃតង

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី

MC: កូនឈើប្រណិតជិត១០០០ដើម ត្រូវបានក្រសួងបរិស្ថាន និងរដ្ឋបាលក្រុងសួង ខេត្តត្បូងឃ្មុំ សហការគ្នាដាំនៅតាមទីអារាម សាលារៀន និងផ្លូវសាធារណៈ តាមបណ្តោយផ្លូវជាតិលេខ ៧ ដើម្បីបង្កើនភាពបៃតង និងបណ្តុះស្មារតីប្រជា ពលរដ្ឋឱ្យស្រឡាញ់និងចូលរួមការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា កូនឈើប្រណិតទាំងនេះ មានកូនឈើគ្រញូងចំនួន ៦០០ ដើម ធ្នង់ ១០០ ដើម និងដើមផ្កាក្ងោកពូជផ្កាពណ៌លឿងចំនួន១៥០ដើម។
ថ្លែងក្នុងឱកាសដាំកូនឈើដែលមានការចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃ សិស្សានុ សិស្ស ប្រជាពលរដ្ឋជាង ២០០ នាក់ ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះឯកឧត្តម បានបញ្ជាក់ថា នេះគឺជាសកម្មភាពមួយដែលត្រូវបានឱ្យតម្លៃថា ជាការលើកកម្ពស់ការយល់ដឹងពីបរិស្ថាននិងធនធានធម្ម ជាតិនិងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រ ឡាញ់ និងគោរពបរិស្ថាន ហើយរួមគ្នាដាំដើមឈើបន្ថែម និងចូលរួមការពារនិងអភិ រក្សធនធានធម្មជាតិព្រៃឈើ សត្វព្រៃ។
ឯកឧត្តម មានប្រសាសន៍ថា ជារៀង រាល់ឆ្នាំ កូនឈើប្រណិតរួមមានប្រភេទឈើគ្រញូង បេង នាងនួន ធ្នង់ ជាច្រើនសែនដើម ត្រូវបានអាជ្ញាធរ ប្រជាពលរដ្ឋ ដាំនៅតាមតំបន់នានានៅក្នុងប្រទេសកម្ពុ ជាទាំងតាមផ្លូវសាធារណៈ តាមសាលា រៀន វត្តអារាម និងនៅតាមតំបន់ព្រៃរេច រឹលនានា ។ ឯកឧត្តម នេត្រ ភក្ត្រា បានហៅសកម្មភាពយ៉ាងផុសផុលនៃការដាំដើមឈើនៅទូទាំងប្រទេសនេះថា ជាចលនាបំផុសស្មារតីស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិនិងការដាំស្តារព្រៃឈើឡើងវិញ និងចូលរួមការពារនិងអភិរក្សឱ្យ បានគង់វង្សសម្រាប់ជាផលប្រយោជន៍មនុស្សរាប់ជំនាន់តទៅមុខទៀត។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បង្ហាញថា បច្ចុប្បន្នប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប។ តាមការស្រាវជ្រាវកន្លងមកបានបញ្ជាក់ឱ្យដឹងថា នៅអំឡុងឆ្នាំ ១៩៦២ កម្ពុជាមានប្រជាជន៥លាន៧ សែន៤ម៉ឺននាក់ រី៝ឯគម្របព្រៃឈើតាមការវាយតម្លៃនៅឆ្នាំ ១៩៦៤ គឺមានទំហំ ១៣២.២២១គីឡូម៉ែត្រការ៉េ ស្មើនឹង ៧៣% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។
នៅឆ្នាំ ២០១៨ របាយការណ៍សិក្សាក្រសួងបរិស្ថានបានបង្ហាញថា គម្របព្រៃ ឈើនៅកម្ពុជាមានចំនួន ៨.៥១០.៨០៧ ហិកតា ស្មើនឹង៤៦, ៨៦% នៃផ្ទៃប្រទេស ខណៈចំនួនប្រជាជនកម្ពុជាបានកើនឡើងរហូតដល់ ១៦ លាននាក់។ នេះបញ្ជាក់ឱ្យឃើញថា កត្តាមនុស្សជាហេតុផលចម្បងដែលធ្វើឱ្យគម្របព្រៃឈើមានការធ្លាក់ចុះ ហើយគេឃើញកំណើនផ្ទៃដីកសិកម្ម និងផ្ទៃដីលំនៅដ្ឋានត្រូវបានជំនួសវិញ។ អត្រាបាត់បង់គម្របព្រៃឈើជាមធ្យមប្រចាំឆ្នាំនៅអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ក្នុងរង្វង់ ០,៦៤% បើធៀបនឹងផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។
បើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងការពារធនធនធម្មជាតិដែលខ្លួនមាន ដោយបង្កើតតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជា ច្រើនកន្លែង ដែលរហូតមកទល់ពេលនេះតំបន់ការពារធម្មជាតិចំនួន ៦៦ កន្លែង និងមានផ្ទៃដីជាង ៧ លាន៣សែនហិកតាស្មើប្រមាណជាង ៤១% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា និងស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន៕