កម្ពុជាត្រៀមដាក់ក្បាច់គុនល្បុក្កតោចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅចុងឆ្នាំនេះ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

ភ្នំពេញ៖ ប្រទេសកម្ពុជា ត្រៀមដាក់ក្បាច់គុនល្បុក្កតោក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីអភិរក្ស និងបង្ហាញ​ឱ្យអន្ដរ​​ជាតិស្គាល់ពីវប្បធម៌របស់កម្ពុជាកាន់តែច្បាស់។

ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ភាគីពាក់ព័ន្ធកំពុងតែពិភាក្សា និងខិតខំពន្លឿន ការដាក់ក្បាច់គុនខ្មែរមួយនេះចូលជាសម្បត្ដិបេតិកភណ្ឌរបស់ពិភពលោកនៅចុងខែធ្នូឆ្នាំ២០២០ខាងមុខនេះ។

ឯកឧត្ដមបានបញ្ជាក់ថា ការដាក់ក្បាច់គុនល្បុក្កតោចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ដើម្បីថែរក្សាមរតក​​បុព្វបុរសខ្មែរយើង ឱ្យបានគង់វង្ស និងលើកកម្ពស់ក្បាច់គុនខ្មែរនៅលើឆាកអន្ដរជាតិ ។ ទន្ទឹមនឹងនេះ កម្ពុជានឹងដាក់​​ក្បាច់គុនល្បុក្កតោ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ ដើម្បីប្រកួតប្រជែងយកមេដាយ ខណៈ​​កម្ពុជា​​មានស​​មាជិកចំនួន៤ប្រទេសបានគាំទ្រ និងចូលរួមប្រកួត។

សំឡេង៖ «អ៊ីចឹងយើងបាននាំក្បាច់គុនល្បុក្កតោទៅប្រទេសទី៣ហើយ បានប្រទេសឡាវ វៀតណាម និងភូមាបានគាំទ្រអាចថា ក្នុងទិវា ក្នុងឆ្នាំ២០២៣យើងបានដាក់វិញ្ញាសានេះប្រកួត ដើម្បីយកមេដាយ និងជាវិញ្ញាសាមួយដ៏ធំក្នុងពិធីបើកសម្រាប់បង្ហាញក្បាច់គុនល្បុក្កតោ នៅលើឆាកអន្ដរជាតិ ព្រោះក្បាច់គុន​​នេះសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាយើង»។

ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជំរុញឱ្យសហព័ន្ធក្បាច់គុនល្បុក្កតោ បញ្ជូនគ្រូចេញទៅបណ្ដុះ​​បណ្ដាលនៅ​ក្រៅប្រទេស ឱ្យបានផុលផុស ដើម្បីពង្រីកក្បាច់គុនល្បុក្កតោឱ្យបានកាន់តែទូលំទូលាយថែមទៀត។

សូមបញ្ជាក់ថា ល្បុក្កតោ គឺជាក្បាច់គុនវប្បធម៌ខ្មែរ ដែលរួមមានការប្រយុទ្ធ ការគេចពីសត្រូវ និងការប្រើប្រាស់​​អាវុធជាដើម។ ល្បុក្កតោជាក្បាច់គុនប្រកបដោយអនុភាព ខ្លាំងដូចសត្វតោ ហើយជាក្បាច់គុណដែល​​មានវ័យ​ចំណាស់នៅក្នុងប្រទេសកម្ពុជា និងត្រូវបានប្រើប្រាស់ដើម្បីច្បាំងនឹងសត្រូវតាំងពី១០០០ឆ្នាំមុនមកម្ល៉េះ៕