លើកកម្ពស់ចំណេះដឹងបរិស្ថាន ដើម្បីផ្លាស់ប្តូរផ្នត់គំនិតសារធារណជនប្រតិបត្តិមេត្រីភាព

វិទ្យុជាតិកម្ពុជា៖ កញ្ញា កងមុន្នីរ៉ា

ភ្នំពេញ៖«លើកកម្ពស់ចំណេះដឹងបរិស្ថាន ដើម្បីផ្លាស់ប្តូរផ្នត់គំនិតសាធារណជនប្រតិបត្តិមេត្រីភាព» គឺជាប្រធានបទដែលក្រសួង បរិស្ថាន បានលើកទ្បើងនៅក្នុងសិក្ខាសាលាបូកសរុបការងារ ឆ្នាំ២០២០ និង ទិសដៅការងារឆ្នាំ២០២១ ដែលធ្វើឡើងកាលពីថ្ងៃទី២ ខែ តុលា ឆ្នាំ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។

ឯកឧត្តមនេត្រភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា បរិស្ថានស្អាតគឺត្រូវផ្តើមចេញពីខ្លួនយើងម្នាក់ៗ ដូច្នេះដើម្បីឱ្យ ប្រធានបទនេះ សម្រេចជោគជ័យទៅបាន ជាអាទិ៍ទិសដៅរបស់ក្រសួងបរិស្ថាន ទី១ គឺការផ្តល់នូវចំណេះដឹងតាមរយៈការអប់រំ។ ទី២ គឺការបំផុសនូវចលនាស្រឡាញ់បរិស្ថាន។ ឯកឧត្តមបានមានប្រសាសន៍បន្តថា គោលសំខាន់ទាំងពីរខាងលើ នាយកដ្ឋានអប់រំរបស់ ក្រសួងបរិស្ថានបានសហការជាមួយស្ថាប័នពាក់ព័ន្ធនានា រៀបចំជាមេរៀន រៀបចំជាឯកសារពាក់ព័ន្ធ ជាសម្ភារឧបទេ្ទសសម្រាប់ការ បង្ហាត់បង្រៀនផ្សេងៗ ដើម្បីផ្តល់ជូនដល់សាលារៀននៅទូទាំងប្រទេសកម្ពុជា ។ បន្ថែមពីនេះទៀតផ្ទាំងរូបភាព(Poster)ស្តីពីបម្រែបម្រួលអាកាសធាតុ ,ការគ្រប់គ្រងសំណល់ ,ការបែងចែកសំណល់ ផ្តល់ជូនដល់សិស្ស ក៏ដូចជាប្រជាពលរដ្ឋទូទៅបានស្វែងយល់ផងដែរ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ការងារនេះ បើទោះជាបច្ចុប្បន្នប្រជាពលរដ្ឋ មានការផ្លាស់ប្តូរឥរិយាបថយល់ដឹងច្រើន និង ងាកមកចូលរួមថែរក្សាបរិស្ថានច្រើនជាងមុនយ៉ាងណាក្តី ក៏ក្រសួងបរិស្ថានមិនបញ្ឈប់ ត្រឹមនេះទេ គឺនៅតែបន្តសកម្មភាពការងារទៅមុខទៀតដដែល។
ឯកឧត្តមនេត្រភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍បន្ថែមថា ទន្ទឹមនេះដែរ ក្រសួងបរិស្ថានបានលើកទឹកចិត្ត ដល់អ្នកប្រតិបត្តិមេត្រីភាពបរិស្ថានល្អ។ គឺមានន័យថា ពួកគាត់បានអនុវត្តជាគំរូ ជាអ្នកស្រឡាញ់បរិស្ថាន ជាអ្នកស្រឡាញ់ ធនធានធម្មជាតិ។ ដូចជាការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការចូលរួមនៅក្នុងការការពារធនធានធម្មជាតិ ហើយពួកគាត់ បានចូលរួមអប់រំផ្សព្វផ្សាយបន្តទៅដល់សារធារណជនផ្សេងៗទៀត។ ការលើកទឹកចិត្តនេះ អនុវត្តន៍នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា ការផ្តល់ជូនការលើកទឹកចិត្តដល់អ្នកប្រត្តិបត្តិមេត្រីភាពបរិស្ថាន មាន វត្តអារាម,សាលារៀន,សាកលវិទ្យាល័យ, រួមនឹងគ្រឹះស្ថានផ្សេងៗទៀត។ ចំពោះពានរង្វាន់ដែលផ្តល់ជូនមានបណ្ណមួយសន្លឹក, ធុងចម្រោះទឹក, ធុងបែងចែកសំរាមជាដើម។ ការផ្តល់ជូននេះ ធ្វើទ្បើងទាំងលើរូបវន្តបុគ្គល និង និតិបុគ្គល ៕